(វៀតណាម)៖ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៣៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម អាស៊ានបានទទួលស្គាល់សហគមន៍ទេសចរណ៍កម្ពុជាចំនួន៣ ផ្ទះស្នាក់កម្ពុជាចំនួន៥ អាជីវកម្មស្ប៉ាកម្ពុជាចំនួន៥ និងបង្គន់អនាម័យសាធារណៈកម្ពុជាចំនួន៥
ដែលមានគុណភាពសេវាកម្មស្របតាមស្តង់ដា ដែលបានដាក់ចុះឱ្យអនុវត្តដោយសមាគមអាស៊ាន។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៨ ខែមករា នេះថា កម្ពុជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន។ នេះសបញ្ជាក់ថា គុណភាពសេវាទេសចរណ៍កម្ពុជាកំពុងត្រូវបានទទួលស្គាល់ថា ជាសេវាកម្មទេសចរណ៍ដែលអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអាចធ្វើការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សេវាកម្មទេសចរណ៍ ដែលទទួលបានកិត្តិយសទទួលរង្វាន់ស្តង់ដាអាស៊ាន រួមមាន៖
១៖ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ស្តង់ដាអាស៊ាន ក្នុងនោះមានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ និងសហគមន៍ទេសចរណ៍កំពង់ភ្លុក ខេត្តសៀមរាប។
២៖ ផ្ទះស្នាក់ស្តង់ដាអាស៊ាន ក្នុងនោះមានផ្ទះស្នាក់បាណាណាក្នុងសហគមន៍ទេសចរណ៍រុនតាឯក ខេត្តសៀមរាប ផ្ទះស្នាក់តាំងងិនក្នុងសហគមន៍ទេសចរណ៍ជីផាត ខេត្តកោះកុង ផ្ទះស្នាក់ខឿនស្រីមុំក្នុងសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ផ្ទះស្នាក់ទន់សារិនក្នុងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង ខេត្តសៀមរាប និងផ្ទះស្នាក់ឥសាន្តបុរី៥ក្នុងសហគមន៍ទេសចរណ៍សំបូរព្រៃគុក ខេត្តកំពង់ធំ។
៣៖ សេវាស្ប៉ាស្តង់ដាអាស៊ាន ក្នុងនោះមានសេវាស្ប៉ា SO SPA with L’OCCITANCE សេវាស្ប៉ា SPA Temple សេវាស្ប៉ា Sunnaline SPA សេវាស្ប៉ា Jasmine SPA និងសេវាស្ប៉ា SPA at NAGA World។
៤៖ បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ក្នុងនោះមានបង្គន់អនាម័យសាធារណៈសួនសម្តេចក្រទ្បាហោម ស ខេង បង្គន់អនាម័យសាធារណៈសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្គន់អនាម័យសាធារណៈគ្រឹះស្ថានអង្គរ បង្គន់អនាម័យសាធារណៈព្រះនាងប្រាជ្ញាបរមី និងបង្គន់អនាម័យសាធារណៈមណ្ឌលព័ត៌មានទេសចរណ៍។
សូមបញ្ជាក់ថា កន្លងមក អាស៊ានបានដាក់ឱ្យអនុវត្តនូវស្តង់ដាគុណភាពដល់ប្រទេសសមាជិក រួមមាន៖ ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ស្តង់ដាសហគមន៍ទសចរណ៍អាស៊ាន ស្តង់ដាបង្គន់សាធារណៈអាស៊ាន ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន ស្តង់ដាស្ប៉ាអាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន និងស្តង់ដាបន្ទប់ប្រជុំអាស៊ាន (MICE)៕