(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំកសាងស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ថ្នល់លំជនបទ ស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់សរសៃឈាមសេដ្ឋកិច្ច ដើម្បីកំណើនសេដ្ឋកិច្ចសម្រួលការធ្វើដំណើរ ដោះស្រាយ បញ្ហាចរាចរនិង លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ការលើកឡើងរបស់ លោក ម៉ម ប៊ុននាង បានធ្វើឡើង​ ក្នុងពិធីបុណ្យឆ្លងព្រះកោតមចេតិយ និងសមិទ្ធផលនានា នៅក្នុងវត្តអង្គពណ្ណរាយ៍ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ។

ថ្លែងឲ្យដឹងនៅក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិមានការរីកចម្រើនទូទាំងប្រទេស ទាំងនៅក្នុងមូលដ្ឋានឃុំ និងក្នុងទីអារាម នៃវត្តអង្គពណ្ណរាយណ៍ យ៉ាងច្រើនស្អេកស្កះ និងមានជីវភាពរស់នៅយ៉ាងល្អប្រសើរផងដែរ។

លោកបានរំលឹកថា ប្រទេសកម្ពុជាយើង កន្លងមកជាប្រទេស ដែលធ្លាប់ខ្ទេចខ្ទាំដោយសង្គ្រាម ជួបប្រទះវិនាសកម្ម ដែលធ្វើឲ្យប្រជាជនរងទុក្ខលំបាក ប្រទេសជាតិបែកបាក់ ពុំដែលជួបប្រទះនូវឯកភាពជាតិអស់រយៈពេល៤០០ឆ្នាំកន្លងមក។ បច្ចុប្បន្នដោយសារនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសយើងបានទទួលនូវសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើន មានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ ដែលពុំធ្លាប់មានកន្លងមក។

លោក ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា ប្រជាជនគ្រប់រូបកំពុងសប្បាយរីករាយ និងមានមោទនភាពចំពោះការដឹកនាំ ដើរលើផ្លូវដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលដែលបានកសាង សមិទ្ធិផលជាច្រើនសំរាប់បំរើផលប្រយោជន៍ដល់សង្គមជាតិនិងប្រជាជន បានជម្រុញឲ្យមាន អ្នកវិនិយោគិនបរទេស និងអ្នកទេសចរអន្តរជាតិ មកវិនិយោគ និងទស្សនាកម្ពុជាកើនឡើងជាលំដាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន ជាពិសេស សមិទ្ធផល សន្តិភាពវាជាអំណោយផល ដែលអាចឲ្យយើងមាន ឱកាសកសាង សមិទ្ធផលជាច្រើននៅទូទាំងប្រទេសដើម្បីទុក អោយប្រជាពលរដ្ឋនិង កូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត ព្រោះចំនួនប្រជាជនកាន់តែកើនឡើងតម្រូវការកាន់តែមានច្រើន។

ក្នុងឱកាសនោះ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានបំពាក់គ្រឿងឥស្សរិយយសប្រគេនព្រះសង្ឃ និងសប្បុរសជន ព្រមទាំងនាំយកបច្ច័យចំនួន ៥,០០០,០០០រៀលចូលរួមក្នុងពិធីបុណ្យ និងព្រះសង្ឃ៧អង្គក្នុងមួយអង្គៗបច្ច័យចំនួន៥០,០០០រៀល និងស្លាដក១ តាជីយាយជីចំនួន៥០នាក់ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា២០,០០០រៀល ក្រុមប្រឹក្សាស្រុក-ឃុំ ស្មៀនឃុំ ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូចំនួន ៧៩៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០,០០០រៀល សិស្សកាយយារឹទ្ធិ និងកាក បាទក្រហមចំនួន៦០នាក់ក្នុងម្នាក់ៗទទួលបាន១០,០០០រៀល និងសិស្សអនុវិទ្យាល័យជើងកើបចំនួន ១៩៩នាក់ក្នុងម្នាក់ៗទទួលបានថវិកា៥,០០០រៀល និងសៀវភៅ១ក្បាល និងចំណាយផ្សេងៗ ដែលចំណាយថវិកាអស់២៨,៣៤៥,៥០០រៀល៕