(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភាអូស្រ្តាលី លោក Scott Ryan បានបញ្ជាក់ប្រាប់ប្រមុខការទូតកម្ពុជាថា រដ្ឋាភិបាលអូស្រ្តាលី និងសភាអូស្រ្តាលី នឹងបន្តកិច្ចសហប្រតិបត្តិការ រឹងមាំ និងស៊ីជម្រៅជាមួយកម្ពុជា។

លោក Scott Ryan បានបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩​ អំឡុងពេលដែលលោក បានមកបំពេញទស្សនកិច្ច នៅកម្ពុជា ព្រមទាំងចូលរួមប្រជុំសភាអាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើងនៅខេត្តសៀមរាប។

ក្រោយបញ្ចប់ជំនួបនេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញដល់អ្នកសារព័ត៌មានអំពីលទ្ធផល នៃជំនួបពិសេសនេះ។ លោកអះអាងយ៉ាងដូច្នេះថា «ឯកឧត្តម Scott Ryan បានបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តសហប្រតិបត្តិការ រឹងមាំ និងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសភាកម្ពុជា ជាពិសេសលើវិស័យអប់រំ ទេសចរណ៍ជាដើម»

ក្រៅពីនេះ លោកប្រធានព្រឹទ្ធសភាអូស្រ្តាលី ក៏បានអរគុណ និងកោតសរសើរ ចំពោះការរៀបចំសភាប៉ាស៊ីហ្វិកបានល្អ ដោយមានការសម្តែងវប្បធម៌ចម្រុះជាតិសាសន៍ នៅខេត្តសៀមរាបផងដែរ។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍ចំពោះវត្តមានរបស់ លោកប្រធានព្រឹទ្ធសភាអូស្រ្តាលីនាពេលនេះ។ លោកបានជម្រាបជូនប្រធានព្រឹទ្ធសភាអូស្រ្តាលី អំពីការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះទាំងស្រុង ខណៈដែលមានគណបក្សនយោបាយចំនួន២០ បានចូលរួមការបោះឆ្នោតនេះ។

បើតាម លោក កេត សោផាន់, នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ទោះបីជាគណបក្សប្រជាជនកាន់កាប់អាសនៈនៅរដ្ឋសភាទាំងអស់ក៏ដោយ។ លោកបានជម្រាបជូន លោក Scott Ryan អំពីការបង្កើនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីផ្តល់ឱកាសឱ្យគណបក្សផ្សេងៗ បានចូលរួមជាមតិយោបល់ ដើម្បីបម្រើប្រជាពលរដ្ឋផងដែរ។

ពាក់ព័ន្ធនឹងការអះអាងរបស់ប្រធានព្រឹទ្ធសភាអូស្រ្តាលី នៅពេលនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ជំហរអូស្រ្តាលី ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺជាការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋកម្ពុជា។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពិតជាយុត្តិធម៌ សម្រាប់ប្រជាជនកម្ពុជាមែន​ ដែល​ឯកឧត្តមប្រធានព្រឹទ្ធសភាអូស្ត្រាលីលោក Ryan Scott បានសន្យាថា នឹងបន្ត​ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជិតស្និទ្ធនិងសុីជម្រៅជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីក្លាយទៅជាមិត្តជាទីទុកចិត្តគ្នាទៅវិញទៅមក​»

លោកបានបន្តថា នេះជាមោទនភាពរបស់ប្រជាជនកម្ពុជា​ ដែលទទួលបានយុត្តិធម៌ពីប្រធានព្រឹទ្ធសភាអូស្ត្រាលី​ ដែលធ្លាប់បានជួយរួមចំណែកក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជានាពេលកន្លងទៅ​ មិនដូចពួកអគតិនិយាយមួលបង្កាច់នោះទេ​៕