(បន្ទាយមានជ័យ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពលើការងារសង្គម មនុស្សធម៌ សប្បុរសធម៌ វប្បធម៌ និងសាសនា ឬអាចថា ចូលរួមលើគ្រប់សកម្មភាពថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានក្នុងឆ្នាំ២០១៨កន្លងមកនេះ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បាន​ថ្លែងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីជួបសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប្រមាណ១.០០៨នាក់ថា ​នៅឆ្នាំ២០១៨ កន្លងមករដ្ឋបាលខេត្ត មើលឃើញថា សហភាពសហព័ន្ធយុវជនកម្ពុជា​ បានចូលរួមលើស្ទើរគ្រប់វិស័យ រាល់សកម្មភាពដូចជា៖ ការខិតខំប្រឹងប្រែង ចុះសួរសុខទុក្ខជាប្រចាំ ដោយមានការចូលរួមជាប្រចាំពីបងប្អូនថ្នាក់ខេត្ត ដល់ថ្នាក់មូលដ្ឋាន និងបានជួបផ្ទាល់ជាមួយបងប្អូនប្រជពលរដ្ឋដែលជួបកាលំបាក់។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ លោក ​ប៉ោ​ វណ្ណាត​ បានលើកឡើងថា សមាគមនេះបានបំរើប្រជាពលរដ្ឋ និងបានចូលរួមលើកិច្ចការជាច្រើន ដោយបានចំណាយធនធាន សម្ភារ និងថវិកា​ប្រចាំឆ្នាំ២០១៨កន្លងមក។ ក្នុងនោះចំណាយលើការងារវប្បធម៌ និងសាសនា, ការងារអប់រំ កីឡា, ការងារសង្គមមនុស្សធម៌, បរិច្ចាគ និងការងារប្រវត្តិសាសស្ត្រជាដើម។

នៅក្នុងឱកាសនោះ លោក ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកកម្ពុជា ​បានកោតសរសើរដល់ថ្នាក់ដឹកនាំ សហការីទាំងឡាយ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលក្នុង១ឆ្នាំកន្លងមក បានបំពេញភារកិច្ច ការងារចូលរួមគ្រប់សកម្មភាពការងារ សង្គម ការងារមនុស្សធម៌ សម្អាតបរិស្ថាន វប្បធម៌ និងសាសនា ចាប់តាំងពីថ្នាក់ខេត្ត ដល់ថ្នាក់មូលដ្ឋានលើគ្រប់រូបភាព ក្នុងនោះបានចុះធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់អំពីគ្រឿងញឿន ក្នុងភូមិ-ឃុំដើម្បីឲ្យមានសុវត្ថិភាព និងគ្រោះថ្នាក់ចរាចរណ៍ជាដើម៕