(ភ្នំពេញ)៖​ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញបន្តធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីប្រពន្ធ ដែលពាក់ព័ន្ធទៅនឹងករណីឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចផ្ទះលេខ៤៩Eo ស្ថិតក្នុងបន្ទប់លេខ១ ជាន់ទី១ ផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់ភ្នាក់ងារយកព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបជនសង្ស័យខាងលើនេះ ដោយមានបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យធ្វើការបំបែក នៅសម្បុកក្រុមចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។

ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្តមនឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ និងជាស្នងការនគរបាលរាជធានីភ្នំពេញរួចមក កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានដឹកនាំកម្លាំងបន្តធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការកំណត់បាននូវមុខសញ្ញាឆក់ទាំង២នាក់ ប្តីប្រពន្ធដោយនៅ ក្នុងប្រតិបត្តិការខាងលើនេះ គឺកម្លាំងនគរបាលជំនាញរបស់យើង បានធ្វើការដកហូតនូវឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមជាមួយនឹងថង់ច្រកសម្រាប់គ្រឿងញៀនមួយចំនួនផងដែរ។

លោក ទៀង ច័ន្ទសារ បានបន្តថា ជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធខាងលើមានឈ្មោះ សុខ ភារុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ ស៊ិន ស្រីម៉ី ហៅយ៉ា ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការនៅហាងបាបារាំង មានស្រុកកំណើតនៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ក្រោយមក កម្លាំងជំនាញរបស់យើងបានធ្វើការបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធខាងលើមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងបន្តការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខជាបន្តទៀត៕