(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ទទួលការងារអន្ដោប្រវេសន៍ បានឲ្យដឹងថា នគរបាលអន្ដោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅមានរយៈពេល៦ខែទៀត ដើម្បីធ្វើការដកហូតឯកសារកម្ពុជាដែលជនបរទេសកំពុងកាន់កាប់មិនប្រក្រតី ឲ្យអស់១០០ភាគរយតែម្ដង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំស្ដីពីការងារ​ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់យ៉ាងដូច្នេះថា «ការងារនេះត្រូវកំណត់ឱសាន្ដវាទ ដោយសម្ដេចតេជោ គឺថានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ធ្វើមិចដកហូតឯកសារឲ្យចប់»

ជាក់ស្ដែង កិច្ចប្រជុំនេះត្រូវបាននាយឧត្តមសេនីយ៍សន្ដិបណ្ឌិត សុខ ផល ឲ្យដឹងថា ធ្វើឡើងដើម្បីដាស់តឿនរដ្ឋបាលខេត្ដ ស្នងការដ្ឋាននគរបាលខេត្ត ពិសេសផែនអន្ដោប្រវេសន៍ ឲ្យយល់កាន់តែច្បាស់ ក្នុងន័យខិតខំប្រឹងប្រែងអនុវត្តនូវការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ទៅតាមអ្វីដែលរាជរដ្ឋាភិបាលបានកំណត់។

ជុំវិញ​ការងារនេះ ត្រូវបាននាយឧត្តមសេនីយ៍ សុខ ផល អះអាងថា ក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ព្រោះថាជនបរទេសខ្លះមិនទាន់យល់ច្បាស់ ហើយខ្លះទៀតហាក់ចង់ គេចវេសមិនសហការ ជាមួយសមត្ថកិច្ចនោះទេ ប៉ុន្ដែទោះជាយ៉ាងណា ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវ​ពន្យល់ឲ្យ​ច្បាស់ទៅកាន់ជនបរទេសដែលកាន់កាប់ឯកសារទាំងនេះ ក្នុងន័យត្រូវចូលរួមគោរពច្បាប់កម្ពុជាទាំងអស់គ្នា។

​​នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏បានបង្ហាញផងដែរថា រហូតមកដល់ពេលនេះ (ដើមឆ្នាំ២០១៩) សមត្ថកិច្ច និងអ្នកពាក់ព័ន្ធបានដកហូតឯកសារកម្ពុជា មិនប្រក្រតីដែលកាន់កាប់ដោយជនបរទេស ប្រមាណ៩០ភាគរយ ស្មើនឹងជាង៣ម៉ឺនក្បាល មាន១០សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ រហូត៩០ភាគរយ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ យើងដកហូតបានប្រមាណជិត៩០ភាគរយ ហើយដែលឯកសារដែលគេកាន់ មានប្រមាណជាង៣ម៉ឺនក្បាល ក្នុងនោះមានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត លិខិតឆ្លងដែនជាដើម ក្នុងនោះមាន១០ជនជាតិ ប៉ុន្ដែច្រើនជាងគេជនជាតិវៀតណាមប្រមាណ៩០ភាគរយ»។

ដោយឡែក សម្រាប់​ការងារបណ្ដេញជនបរទេសដែលចូលមករស់នៅ ឬធ្វើការដោយគ្មានលិខិតអនុញ្ញាត​ ត្រូវបាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ដែរថា តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះកម្ពុជា បានបណ្ដេញជនបរទេសទាំងអស់ចេញ មានចំនួន១៥,០០០នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ មានជាង៣,០០០នាក់ ភាគច្រើនចិន និងវៀតណាម។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៧ បានចេញអនុក្រឹត្យស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។ ក្រោយទទួលបានអនុក្រឹត្យនេះ គេសង្កេតឃើញថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានធ្វើការងារនេះ យ៉ាងសស្រាក់សស្រាំទៅតាមជំនាញរៀងៗខ្លូន៕