(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលពីព្រែកក្តាម ទៅដល់ប៉ោយប៉ែត ដែលមានប្រវែង ៣៦៦គីឡូម៉ែត្រ នឹងត្រូវធ្វើការជួលជុលពង្រីកបន្ថែមក្នុងរង្វង់ថវិកាប្រមាណ ៥០០លានដុល្លារ សហរដ្ឋអាមេរិក។
លោកបានអះអាងថា ចំពោះថ្លៃសំណងដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺជាបន្ទុករបស់ក្រសួងហិរញ្ញវត្ថុ ក្នុងថវិកាមួយចំនួនផ្សេង ហើយរដ្ឋាភិបាល ក៏បានចំណាយទៅលើថ្លៃពន្ធដារ និងការដោះស្រាយទៅលើបញ្ហារាវរកមីន ដែលមិនទាន់ផ្ទុះផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអធិបតីភាព នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យ ប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលជាគម្រោង ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន ប្រចាំ កម្ពុជា (JICA) នៅសាលប្រជុំធំ ជាន់ទី៥ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល ដែលចុះហត្ថលេខាទទួលប្រាក់កម្ចីនៅពេលនេះ សរុបប្រវែង ១៤៦.០៤ គីឡូម៉ែត្រ ដោយចាប់ពី ធ្លាម្អម-បាត់ដំបង មានប្រវែង ១១០.៩០ គីឡូម៉ែត្រ និងរួមបញ្ជូលផ្នែកចុងក្រោយ សិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ៣៥.១៤ គីឡូម៉ែត្រ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦គីឡូម៉ែត្រ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៥០០លានដុល្លារ ហើយក្នុង៣៦៦គីឡូម៉ែត្រនោះ មាន៦២ គីឡូម៉ែត្រ គឺជាផ្លូវថ្មី សម្រាប់វាងក្រុង ហើយក្នុងនោះក៏មានសាងសង់ស្ថានីយ៍៦កន្លែង សម្រាប់ធ្វើការថ្លឹងរថយន្ត ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥នេះផងដែរ។
លោកបានបន្ថែមថា នៅពេលនេះមានកញ្ចប់៣ ដែលត្រូវចុះហត្ថលេខា និងមានកញ្ចប់ផ្សេងៗទៀត គឺបានធ្វើរួចហើយពីបាត់ដំបង ទៅសិរីសោភ័ណ្ឌ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានបើកការដ្ឋានរួចហើយ គឺបានប្រហែល៣០ភាគរយ ហើយពីព្រែកក្តាម ទៅធ្លាម្អម ក៏បានបើកការដ្ឋានរួចហើយផងដែរ គឺបានត្រឹមតែ ២៥ភាគរយ តែប៉ុណ្ណោះ ដែលកញ្ចប់ទាំងនោះអាចប្រើពេលពី៣ ទី៤ឆ្នាំទើបរួចរាល់ ហើយក្រសួងសាធារណៈការ និងធ្វើយ៉ាងណាឱ្យរួចរាល់ក្នុងរយៈពេល៤ឆ្នាំ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្លូវនេះគឺមានសារៈសំខាន់ណាស់ ដែលវាគឺជាផ្លូវធំមួយសម្រាប់អាស៊ាន ដែលបានភ្ជាប់ពីប្រទេសចិន ចូលភូមា ឆ្លងកាត់ថៃ ចូលមកកម្ពុជា និងបន្តឆ្ពោះទៅវៀតណាម ដូចនេះការដឹកទំនិញឆ្លងកាត់កម្ពុជា គឺត្រូវឆ្លងកាត់ផ្លូវជាតិលេខ៥នេះឯង ហើយវាគឺមានសារៈសំខាន់ណាស់ ក្នុងការពង្រីកផ្លូវមួយខ្សែនេះ វាអាចជួយកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ផង សម្រួលដល់ការដឹកទំនិញផង ហើយវាបានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា។
លោកបានបន្ថែមថា សម្រាប់ទឹកប្រាក់កម្ចី ៥០០លានដុល្លារ គឺសម្រាប់តែកុងត្រាធ្វើផ្លូវតែប៉ុណ្ណោះ ដោយឡែកចំពោះថ្លៃសំណង ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺក្រសួងហិរញ្ញវត្ថុ និងដោះស្រាយនូវបញ្ហានោះ ក្នុងថវិការមួយចំនួនផ្សេងទៀត និងមួយចំនួនទៀតរដ្ឋាភិបាលបានទទួលបន្ទុកទៅលើថ្លៃពន្ធដារ និងការដោះស្រាយទៅលើ បញ្ហារាវរកមីនដែលមិនទាន់ផ្ទុះផងដែរ។ ចំពោះការពង្រីកផ្លូវនេះផងដែរ លោកទេសរដ្ឋមន្ត្រី ស្នើឱ្យអ្នកធ្វើជួសជុលផ្លូវ ត្រូវដាក់សញ្ញាឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់នូវភាពងាយស្រួលពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវផងដែរ៕