(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឯកភាពលើគោលការណ៍សំខាន់ៗចំនួន៧ចំណុច ក្នុងធ្វើកំណែទម្រង់គ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រុង និងស្រុកតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងលិខិតស្នើសុំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការសម្រេចរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុកស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាពការបំពេញតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលក្រុង ស្រុកក្នុងនាមជារដ្ឋបាលមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
គោលការណ៍ទាំង៧ចំណុច ដែលស្នើឡើងដោយសម្តេចក្រឡាហោម ស ខេង ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចឯកភាពរួចហើយនេះរួមមាន៖
ទី១៖ លុបចោលការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ននៅថ្នាក់ក្រុង ស្រុក ដោយធ្វើសមាហរណកម្មការិយាល័យជំនាញទាំងនេះទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក។
ទី២៖ ក្នុងការធ្វើសមាហរណកម្មការិយាល័យជំនាញនេះ រចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុកត្រូវបង្កើតជាអង្គភាព ឬការិយាល័យចង្កោមវិស័យសម្រាប់វិស័យមួយចំនួនដែលពាក់ព័ន្ធចង្កោមវិស័យសេដ្ឋកិច្ច និងចង្កោមវិស័យសង្គមកិច្ច ដើម្បីធានាដល់ការកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងរចនាសម្ព័ន្ធស្ថាប័ន លើកលែងតែវិស័យជាអាទិភាពសំខាន់ៗមួយចំនួន ដូចជា អប់រំ សុខាភិបាល និងនគរូបនីយកម្ម ដែលចាំបាច់ត្រូវបង្កើតជាអង្គភាពដាច់ដោយឡែកៗពីគ្នា។
ទី៣៖ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មីនេះ ត្រូវមានភាពខុសគ្នារវាងរដ្ឋបាលក្រុង ដែលជាតំបន់ទីប្រជុំជន និងរដ្ឋបាលស្រុកដែលជាតំបន់ជនបទ។ ដោយឡែករចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុកនីមួយៗ ក៏ចាំបាច់ត្រូវរៀបចំផ្អែកលើវិសាលភាព និងសក្តានពលជាក់ស្តែងរបស់រដ្ឋបាលនីមួយៗ។
ទី៤៖ ផ្ទេរមុខងារទាំងស្រុង ដែលកំពុងអនុវត្តដោយការិយាល័យជំនាញនានា របស់ក្រសួងស្ថាប័ននៅថ្នាក់ក្រុង ស្រុកនាពេលបច្ចុប្បន្ន និងមុខងារតាមវិស័យជាក់លាក់សមស្របផ្សេងទៀតទៅឱ្យរដ្ឋបាលក្រុង ស្រុក។
ទី៥៖ ផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ដែលកំពុងប្រើប្រាស់សម្រាប់ការិយាល័យជំនាញនៅថ្នាក់ក្រុង ស្រុក និងធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិចាំបាច់ផ្សេងទៀតរបស់ក្រសួង ស្ថាប័នទៅឱ្យរដ្ឋបាលក្រុង ស្រុក។
ទី៦៖ ផ្ទេរបុគ្គលិកដែលកំពុងបម្រើការងារនៅតាមការិយាល័យជំនាញ នៅថ្នាក់ក្រុង ស្រុក និងបុគ្គលិកចាំបាច់ផ្សេងទៀតរបស់ក្រសួង ស្ថាប័នទៅឱ្យរដ្ឋបាលក្រុង ស្រុក។
ទី៧៖ អង្គភាពមួយចំនួនដែលត្រូវរៀបចំថ្មីនៅថ្នាក់ក្រុង ស្រុក ត្រូវដំឡើងឋានៈឱ្យបានសមស្របទៅនឹងទំហំការងារ និងការទទួលខុសត្រូវក្នុងការផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញមន្ត្រីដែលមានសមត្ថភាព និងមានជំនាញខ្ពស់សមស្របស្ម័គ្រចិត្ត ទៅបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក៕