(ភ្នំពេញ)៖ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរយ៉ាងដល់សមត្ថភាពលើការលេងចាប៉ីដងវែងរបស់លោកតាព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន និងមានទេពកោសល្យខ្ពស់ខាងការចងចាំ និងតែងនិពន្ធភ្លាមៗ។ លោករដ្ឋមន្ត្រី បានចាត់ទុកលោកតា ប្រាជ្ញ ឈួន ជាអ្នកប្រាជ្ញខាងចាប៉ី ដ៏កម្ររបស់កម្ពុជា។
ការលើកសរសើររបស់លោក ខៀវ កញ្ញារីទ្ធ បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធរូបសំណាក «លោកតាព្រឹទ្ធាចារ្យភិរម្យវោហារប្រាជ្ញឈួន» តម្កល់ទុកក្នុងវត្តសម៉ ភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ ការអញ្ជើញសម្ពោធរូបសំណាករបស់លោក ខៀវ កញ្ញារីទ្ធ ដោយផ្ទាល់នេះ បង្ហាញនូវការគោរពចំពោះលោកតា ប្រាជ្ញ ឈួន ដែលលោកត្រូវបានប្រជាពលរដ្ឋប្រសិទ្ធនាមជាអធិរាជចាប៉ីដងវែងរបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «អានឲ្យគាត់មួយចប់ហើយ គឺគាត់ចាំតែម្តង។ អ៊ីចឹងគាត់ដឹងទាំងអស់ ប្រធានបទគោលនយោបាយដែលសម្តេចតេជោ ហ៊ុន សែន លើកមកគាត់ចាំបានតែម្តង ច្រៀងបានទាំងអស់អត់មានភ្លេចទេ ហើយបើប្រាប់ថាតាច្រៀង២ម៉ោង គាត់ច្រៀង២ម៉ោងគត់ អត់ខ្វះអីទាំងអស់។ គាត់ចាំហើយ គាត់ដឹងម៉ោងទៀតថាលេងប៉ុន្មាន និយាយទៅពិបាករកណាស់មនុស្សអ៊ីចឹង»។
លោក ខៀវ កញ្ញារីទ្ធ បានបង្ហើបថា រូបសំណាករបស់លោកតា ប្រាជ្ញ ឈួន ត្រូវបានធ្វើឡើង ដើម្បីបំពេញបំណងលោកតាកាលគាត់នៅរស់ ពោលកាលលោកនៅឈឺតិចៗ ដែលលោកចង់បានរូបសំណាកមួយទុកជាតំណាង។ បើតាមលោក ខៀវ កញ្ញារីទ្ធ បើទោះបីជាលោកតា ប្រាជ្ញ ឈួន មិនបានសុំ ឬផ្តែផ្តាំ ក៏គាត់ត្រូវតែកសាងរូបសំណាកនេះដែរ។
រូបសំណាកលោកតា ប្រាជ្ញ ឈួន គឺឆ្លាក់ធ្វើអំពីថ្មភក់ ទំហំទទឹង ០.៨ម៉ែត្រ និងកម្ពស់១.២០ម៉ែត្រ អង្គុយកាន់ចាប៉ីដងវែង ជាសកម្មភាពកំពុងតែសម្តែងចម្រៀងចាប៉ី ជូនមហាជនស្តាប់កម្សាន្ត។ រូបសំណាកនេះ ត្រូវបានចាប់ផ្តើមកសាងពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ទើបរួចរាល់ជាស្ថាពរ ដែលមានរយៈពេលជាង៣ខែ។
លោក ប្រាជ្ញ ឆាត កូនប្រុសរបស់លោកតា ប្រាជ្ញ ឈួន បានប្រាប់ឲ្យដឹងថា រូបសំណាករបស់ឪពុករបស់លោក ត្រូវបានធ្វើអំពីថ្មភក់ដែលយកពីប្រសាទព្រះវិហារ ហើយចំពោះថវិកាកសាងវិញ គឺជាការឧបត្ថម្ភទាំងស្រុង របស់លោក ខៀវ កញ្ញារីទ្ធ។ លោកបញ្ជាក់ថា រូបសំណាកនេះ ត្រូវបានចំណាយថវិកាចំនួន ៣,៥០០ដុល្លារអាមេរិក។
តាមរយៈអង្គភាពព័ត៌មាន Fresh News កូនប្រុសលោកតា ប្រាជ្ញ ឈួន ក៏បានសម្តែងសេចក្តីត្រេកអរយ៉ាងខ្លាំង ដែលឃើញរូបសំណាក របស់ឪពុក ត្រូវបានសម្ពោធដាក់ជាតំណាង ឲ្យអ្នកប្រាជ្ញខាងចាប៉ីនៅស្រុកខ្មែរ។ លោកក៏មិនបានភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជូនចំពោះលោក ខៀវ កញ្ញារីទ្ធ ដែលបានរ៉ាប់រងឧបត្ថម្ភយ៉ាងពេញទំហឹង ចំពោះការកសាងរូបសំណាក របស់លោកតា ប្រាជ្ញ ឈួន ផងដែរ។
សូមជំរាបថា ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពនៅម៉ោងប្រមាណ ១៖៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។
លោកតាចាប់កំណើតនៅខែតុលា ឆ្នាំ១៩៣៦ ជាកូនពៅក្នុងគ្រួសារកសិករ ដែលមានកូនប្រាំមួយនាក់នៅភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ លោកតាបានចាប់ផ្តើមរៀនចាប៉ីនៅអាយុ៩ឆ្នាំ ពីឪពុកមាខាងឪពុកម្នាក់ឈ្មោះ ប៉ែត ឌុប ឬហៅថា «តាចង្កូមប្រាំបី»។
លោកតា ប្រាជ្ញ ឈួន គឺជាកូនសិស្សរបស់លោកសង្ឃព្រះនាម អេត សែន ក្នុងវត្តប្រមរ។ ព្រះសង្ឃបានបង្ហាត់បង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗដល់រូបលោក ដែលជាហេតុធ្វើឲ្យលោកសម្បូរវោហារ និងចេះដឹងផ្នែកអក្សរសាស្ដ្របានច្រើន។
ក្រោយពីរៀនចេះវិជ្ជាដេញចាប៉ីដងវែងហើយ ទស្សនិកជនដំបូងរបស់លោក គឺអ្នករួមស្រុកទាំងឡាយ។ លោកតា ប្រាជ្ញ ឈួន ជាអ្នកចម្រៀងចាប៉ីដែលមានសំឡេងធំមូលក្រអួន ប្រកបដោយទឹកដម និងភាពប៉ិនប្រសព្វណាស់។
ក្រោយមកនៅឆ្នាំ១៩៦២ លោកបានចូលរួម «ការប្រឡងប្រជែងដើម្បីជ្រើសរើសអ្នកចេះដឹងផ្នែកចាប៉ីដងវែង» របស់វិទ្យុជាតិ ហើយក៏បានឈ្នះការប្រកួតដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមទាំង២០នាក់។
ចាប់តាំងពីពេលនោះមក លោកតាក៏ចាប់ផ្តើមច្រៀងដាក់វិទ្យុជាតិនៅឯភ្នំពេញ។ ខ្លឹមសារនៃចម្រៀង គឺត្រូវបានកំណត់ដោយចាងហ្វាងវិទ្យុ ដែលក្នុងនោះច្រើនតែទាក់ទងនឹងប្រវត្តិសាស្រ្ត នយោបាយ និងអ្នកល្បីៗជាច្រើននៅក្នុងសហប្រជាជាតិ។
ក្រោយពីកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមបានដួលរលំទៅ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោកតា ប្រាជ្ញ ឈួន បានចាប់ផ្តើមអាជីពជាអ្នកច្រៀងចាប៉ីឡើងវិញ។ លោកតា បានត្រឡប់មកភ្នំពេញ និងបានច្រៀងនៅកម្មវិធីវិទ្យុជាតិកម្ពុជា។ ក្រៅពីនោះ លោកក៏បានទទួលការអញ្ជើញ ឲ្យទៅច្រៀងក្នុងកម្មវិធីផ្សេងៗទៀតផងដែរ។
គួរជំរាបដែរថា «ព្រឹទ្ធាចារ្យភិរម្យវោហារប្រាជ្ញឈួន» មានកូនចំនួន៥នាក់ ក្នុងនោះមាន៣នាក់ ដែលរស់នៅជាមួយគាត់។ មួយជីវិតរបស់លោកកាន់ដងចាប៉ីជាប្រចាំ។ ដោយសារភាពល្បីល្បាញរបស់គាត់ លោកតាត្រូវបានគេអញ្ជើញទៅច្រៀងនៅតាមខេត្ត និងរាជធានីមួយចំនួនដូចជា ខេត្តរតនគីរី មណ្ឌលគីរី ឧត្តរមានជ័យ និងរាជធានីភ្នំពេញជាដើម។
លើសពីនេះទៅទៀត លោកតាក៏ធ្លាប់ទៅបញ្ចេញសំនៀង នៅឯបរទេសផងដែរ ដូចជានៅសហរដ្ឋអាមេរិក២ដង ប្រទេសបារាំងបាន៣ដង និងទៅប្រទេសសឹង្ហបុរីបានម្តង។
ចម្រៀងរបស់លោកតា មានជាកំប្លែងខ្លះ ហើយភាគច្រើនគឺផ្តល់ជាការអប់រំ។ លោកតាចូលចិត្តច្រៀងរៀបរាប់ច្បាប់ស្រី ហើយលោកតាចេះច្រៀងច្បាប់ក្រមង៉ុយដល់ទៅ៤ច្បាប់។ មិនតែប៉ុណ្ណោះ លោកតានៅចេះតែងបទចម្រៀងភ្លាមៗ ស្របពេលនឹងកំពុងច្រៀងទៀតផង ហើយឃ្លាឃ្លោងក៏ជួនគ្នាបានល្អទៀត៕