(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខមេទ័ពកំពូលកម្ពុជា សេនានុព័ន្ធយោធាបណ្តាប្រទេសជាមិត្ត និងនាយទាហានជាង១ពាន់នាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសយ៉ាងដាច់ខាតថា មិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី មកស្រែកដូរ មិនដូរ និងបង្កអសន្តិសុខនៅកម្ពុជា ដូចពីមុននោះទេ។

ការប្រកាសយ៉ាងដាច់ណាត់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងបើកវគ្គសិក្សាឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះ៖ «ហ្នឹងហើយមិនអីទេ កុំតែចូលមកបានហើយ ប្រាប់ឱ្យហើយ គឺថាប្តូរផ្តាច់មក មកប្តូរមក ប្តូរបានតែនៅកន្លែងមួយចំនួន តែមកប្តូរនៅកម្ពុជា គឺអត់បានទៀតហើយ វាហួសហើយ មិនមែនមកដូរ មិនដូរ ម្តងនេះគឺមិនបានទេ មិនដូរទៀតទេ»

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសត្រូវប្រឆាំងយ៉ាងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលជារឿយតែងតែអំពាវនាវឱ្យកងទ័ព បះបោរប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រសូត្រឡើងពីការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញប្រទេសនោះ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា គ្រប់ទង្វើររបស់ទណ្ឌិត សម រង្ស៊ី គឺសុទ្ធតែបង្ហាញពីគោលបំណង យ៉ាងពិតប្រាកដ ក្នុងការបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបំផ្លិចបំផ្លាញសុខសន្តិភាព របស់ប្រជាជនកម្ពុជា ដែលកំពុងតែសប្បាយ រីករាយជាមួយសន្តិភាព ដែលរកបានដោយលំបាកពីសំណាក់មគ្គុទេសក៍ដ៏ឆ្នើមរបស់កម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនមាតុភូមិ ដ៏កម្សត់មួយនេះ ឱ្យទទួលបាននូវស្ថានភាពដូចសព្វថ្ងៃនេះផងដែរ។

ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញភាពអាក់អន់ស្រពន់ចិត្តជាមួយបណ្តាប្រទេសមួយចំនួនដែលជឿលើការញុះញង់ពីសំណាក់ទណ្ឌិត សម រង្ស៊ី ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជាជាច្រើនថា ជាជនផ្តាច់ការ បំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ព្រមទាំងគាបសង្កត់ការបញ្ចេញមតិ ជាពិសេសទណ្ឌិតរូបនេះ បានដើរអំពាវនាវឱ្យបរទេសកាត់ផ្តាច់ជំនួយ គាបសង្កត់ការនាំចេញអង្ករពីកម្ពុជា និងផលិតផលនាំចេញជាច្រើនទៀតផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយហើយ ខ្ញុំអន់ចិត្តបន្តិចដែរ គឺមានអ្នកខ្លះជឿអាណុង (ទណ្ឌិត សម រង្ស៊ី) ដើរបោកបានគ្រាន់បើដែរ មែនទែនសសើរវាទៅដើរបោកហ្នឹង ពូកែដើរបោក»