(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការចុះបញ្ជីរថយន្តចង្កូតស្តាំលែងអនុញ្ញាតឲ្យមានទៀតហើយ។ បើតាមលោករដ្ឋមន្ត្រី ការបិទបញ្ចប់ការចុះបញ្ជីរថយន្តចង្កូតស្តាំនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានកម្រិតខ្ពស់។
ការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែស្ដីពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងខែមករា ឆ្នាំ២០១៩ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ជាមួយយន្តការរដ្ឋបាល និងបច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្តចង្កូតស្ដាំត្រូវតែបញ្ឈប់ទាំងស្រុងចាប់ពីពេលនេះតទៅ ដោយគ្មានលក្ខខណ្ឌ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ បានសម្រេចឲ្យប្រជាពលរដ្ឋប្រើរថយន្តចង្កូតស្តាំទាំងអស់ ចូលទៅធ្វើផ្លាកលេខ និងបង់ពន្ធទៅតាមការកំណត់ ហើយអនុគ្រោះដល់ពួកគេមិនឲ្យកែចង្កូតថែមទៀតផង។ ទន្ទឹមគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានហាមមិនឲ្យមានការនាំចូលរថយន្តចង្កូតស្តាំទៀតនោះឡើយ។
ក្រោយការអនុញ្ញាតនោះគេឃើញមានម្ចាស់រថយន្តចង្កូតស្តាំងជាច្រើនបាននាំយករថយន្តទៅចុះបញ្ជី។ ទោះជាយ៉ាងមកដល់ពេលនេះ គឺមានរយៈពេលប្រមាណ ៣ឆ្នាំទៅហើយ តែគេនៅតែសង្កេតឃើញមានរថយន្តចង្កូតស្តាំត្រូវបានគេយកមកចុះបញ្ជី ជាហេតុនាំមានការសង្ស័យមានជនខិលខូចបន្តនាំរថយន្តចង្កូតស្តាំចូលក្នុងប្រទេសកម្ពុជា។
ការបិទបញ្ចប់ការចុះបញ្ជីរថយន្តចង្កូតស្តាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាយន្តការមួយប្រយុទ្ធប្រឆាំងនឹងក្រុមជនខិលខូច ដែលនៅតែបន្តលួចនាំយករថយន្តចង្កូតស្តាំចូលក្នុងប្រទេសកម្ពុជាផ្ទុយពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៕