(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបទេស នៃក្រសួងការពារជាតិ បានអះអាងថា សប្តាហ៍ ចុងខែមករា ឆ្នាំ២០១៩ វិមានឈ្នះ ឈ្នះ! ទទួលអ្នកទស្សកិច្ចសិក្សាប្រមាណ ២០០០នាក់ ក្នុង១ថ្ងៃៗ។
លោក ណឹម សុវត្ថិ បានអះអាងថា អ្នកចូលទស្សនាវិមានឈ្នះ ឈ្នះ មានគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងនោះមានទេសចរជាតិ និងអន្តរជាតិផងដែរ។ លោកបានបន្តថា តាមការណែនាំរបស់សម្តេចពិជ័យសេនា គឺក្រុមការងារបានរៀបចំស្តង់ផ្តល់ព័ត៌មានជូនភ្ញៀវទេសចរ ហើយនៅពេលខាងមុខ គឺនឹងរៀបចំអគារផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ ដើម្បីបម្រើសេវាផ្តល់ព័ត៌មានជូនភ្ញៀវទេសចរនានា។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយបានសម្ពោធជាផ្លូវការចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៨ កន្លងទៅនេះ។
សំណង់វិមានឈ្នះ-ឈ្នះនេះ តំណាងឱ្យវីរភាពរបស់សម្តេច ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យ ជូពសាសន៍ ប៉ុល ពត។ មួយវិញទៀត ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើន ទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ធ្លាប់បានឱ្យដឹងដែរថា វិមានឈ្នះឈ្នះនេះ នឹងដាក់ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងកម្មសិក្សារបស់កងទ័ពនាពេលខាងមុខនេះ ដោយសារវិមាននេះ ប្រៀបបានដូចជាមជ្ឈមណ្ឌលផ្ទុកឯកសាររបស់ជាតិទាំងមូលដែរនោះ៕