(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីទៀតថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសណាមួយនៅលើទឹកដី ដូចអ្វីដែលបរទេសមួយចំនួន បានចោទប្រកាន់នោះទេ។
ការអះអាងបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញបើកកិច្ចប្រជុំពេញអង្គ ដើម្បីត្រួតពិនិត្យការងាររបស់ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា អ្វីដែលត្រូវបានចោទប្រកាន់កន្លងទៅនោះ គឺមិនពិតនោះទេ ព្រោះតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាចក្រកម្ពុជា មិនអនុញ្ញាតឱ្យកងទ័ពបរទេសណាមួយមកបោះមូលដ្ឋាននៅលើទឹកដីកម្ពុជាបាននោះទេ។
សូមជម្រាបថា ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យនាយឧត្តមសេនីយ៍ ឈុំ សុជាត ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល នូវការចុះផ្សាយរបស់សារព័ត៌មាន Asia Times ផងដែរដែលចោទថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធា។
អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ។
ដើម្បីបញ្ជក់ឲ្យកាន់តែច្បាស់កុំឲ្យមានការភាន់ច្រឡំដូចការផ្សព្វផ្សាយទុច្ចរិតមួយចំនួនចង់បំផ្លាញសេចក្តីសុខរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់អាមេរិកកុំឱ្យមានការព្រួយបារម្ភអ្វីទាំងអស់ ព្រោះថាកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់អនុប្រធានាធិបតីអាមេរិក Mike Pence ដោយរៀបរាប់បង្ហាញពីជំហរ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាស្តីពីអធិបតេយ្យភាព និងការមិនអនុញ្ញាតឱ្យមានមូលដ្ឋាននៅកម្ពុជានេះផងដែរ។
មាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយ ក៏មិនអនុញ្ញាតឱ្យនមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពរ របស់អង្កការសហប្រជាជាតិ។ កម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសដោយសម្ភារយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ប និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស៕