(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហោះរូបភាពនៅលើទីលានវាយកូនហ្គោលជាច្រើនសន្លឹកជាមួយឈុតអាវដ៏ក្រហមឆ្អិនឆ្អៅជាមួយការបញ្ជាក់ថា ដើរវាយកូនហ្គោលបានរហូតដល់ទៅ ១៨ឡូ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ទៀតថា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សម្តេចហាត់ប្រាណនៅផ្ទះ ដោយហែលទឹក ជិះកង់ និងដើរលើម៉ាស៊ីន ដែលប្រើពេលដល់ទៅ ៦០ ទៅ៩០នាទី តែសម្រាប់ថ្ងៃសៅរ៍នេះ សម្តេចមានពេលគ្រប់គ្រាន់ក្នុងការដើរវាយកូនហ្គោល។
ជាមួយការបង្ហាញភាពរឹងមាំផ្នែកសុខភាពហើយនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឆ្លើយតបទៅនឹងអតីតសមាជិកគណបក្សប្រឆាំងមួយរូប ដែលបានប្រមាថអាយុជីវិតរបស់សម្តេចផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅបុគ្គលនោះឲ្យយកចិត្តទុកដាក់លើសុខភាពខ្លួនឯងប្រសើរជាងគិតពីសុខភាពរបស់សម្តេច។ សម្តេចតេជោ ក៏ឆ្លៀតប្រាប់ទៀត បើបុគ្គលរូបនោះរង់ចាំរហូតដល់សម្តេចស្លាប់ទើបហ៊ានវិលចូលស្រុកធ្វើនយោបាយនោះ គឺមានតែរង់ចាំជាតិក្រោយប៉ុណ្ណោះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះ «សូមផ្តាំទៅលោកម្នាក់ ដែលធ្លាប់យកស្រីជាអនីតិជនអាយុក្រោម ១៨ឆ្នាំ នៅខេត្តបាត់ដំបង ដែលរត់ទៅនៅកាណាដា ដែលទើបបង្ហោះក្នុង Facebook ថា លោក ហ៊ុន សែន នៅមិនបានយូរទៀត ដែលចង់សំដៅលើសុខភាពខ្ញុំថាមិនអាចរស់បានយូរទៀត។ សូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯងប្រសើរជាងគិតមកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ទើបហ៊ានចូលស្រុកដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ»។
បើទោះបីក្នុងសារនេះសម្តេចតេជោ ហ៊ុន សែន មិនបានបង្ហាញពីឈ្មោះបុគ្គលដែលបានប្រមាថអាយុជីវិតសម្តេចយ៉ាងណាក្តី។ តែអ្នកតាមដានសារឆ្លើយឆ្លងតាមបណ្តាញសង្គម Facebook គេអាចសន្និដ្ឋានបានថា សាររបស់សម្តេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ីមួយរូបគឺលោក សោ ចាត់ដេត។
លោក សោ ចាន់ដេត តែងតែបានបង្ហោះសារនិយាយប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុន សែន ហើយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ លោក ក៏បានបង្ហោះសារប្រមាថជីវិតសម្តេចតេជោផងដែរ។
លោក សោ ចាន់ដេត បានសរសេរថា «លោក ហ៊ុន សែន អាចនៅមិនបានយូរទៀត។ តាមការសង្កេតឃើញភាពប្រញាប់ប្រញាល់ នៃការបញ្ចេញឥទ្ធិពល ហ៊ុន ម៉ាណែត យេីងអាចធ្វេីការសន្និដ្ឋានបានថា សុខភាពលោក ហ៊ុន សែន ឆ្លងមិនផុតទេ ច្បាស់ជាត្រូវដួលមួយរំពេចភ្នែក»៕