(ភ្នំពេញ)៖ កម្លាំងជំនាញ នៃការិយាល័យស្រាវជ្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនក្រុមចោរឆក់ និងគូរកនសរុប០៨នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។


មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ឈ្មោះ វ៉ា មករា អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបាននៅចំណុចមុខអាគារកូរ៉េ ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង០២៖០០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះជាជនជាតិចិន បានសម្រេច។

ចំណែកជនសង្ស័យ០៧នាក់ខាងក្រោម ត្រូវបានអាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាមួយគ្នា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះ០២នាក់ លើករណីឆក់កាបូបនៅមហាវិថី
ឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ និងករណីគាស់ផ្ទះ នៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

ជនសង្ស័យទី១៖ឈ្មោះ ឈិន ឈី អាយុ២៤ឆ្នាំ, ទី២៖ឈ្មោះ ជា ប៉ែត អាយុ២៥ឆ្នាំ, ទី៣៖ឈ្មោះ ណៃ ហុង អាយុ២៥ឆ្នាំ, ទី៤៖ឈ្មោះ វៃ ល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ, ទី៥ឈ្មោះ កើត ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ, ទី៦៖ឈ្មោះ ភា ណាផាត់ ហៅពន្លក អាយុ១៧ឆ្នាំ និងទី៧៖ឈ្មោះ ឆាយ ង៉ូវចៃ អាយុ១៦ឆ្នាំ។

ក្រោយពីបានធ្វើការសាកសួរតាមវិធានការជំនាញរួច ជនសង្ស័យឈ្មោះ ឈិន ឈី និងឈ្មោះ ជា ប៉ែត បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបខាងលើ ពិតប្រាកដមែន។ រីឯឈ្មោះ ណៃ ហុង ក៏បានសារភាពដែលថារូបខ្លួននិងឈ្មោះ ឈិន ឈី បានធ្វើសកម្មភាពគាស់ផ្ទះខាងលើជាមួយគ្នាផងដែរ។ ដោយឡែកឈ្មោះ វៃ ល័ក្ខ និងឈ្មោះ កើត ស្រីនាង ត្រូវជាសង្សាររបស់ឈ្មោះ ឈិន ឈី និងឈ្មោះ ជា ប៉ែត បានឆ្លើយថាខ្លួន ក៏បានដឹងថាមិត្តប្រុសរបស់ពួកនាង គឺជាចោរដែលតែងតែធ្វើសកម្មភាពឆក់ និងលួចជាញឹកញ៉ាប់។ ចំពោះឈ្មោះ ឆាយ ង៉ូវចៃ និងឈ្មោះ ភា ណាផាត់ បានឆ្លើយថា ពួកខ្លួនទាំង០២នាក់ពុំបានធ្វើសកម្មភាពឆក់ ឬគាស់ផ្ទះទេ ប៉ុន្តែពួកខ្លួនបានចូលរួមប្រើប្រាស់គ្រឿងញៀនជាមួយក្រុមខាងលើ។

ក្រោយពីបានធ្វើការតេស្តពិសោធន៍ រកសារធាតុញៀនលើជនសង្ស័យទាំង០៧នាក់ ឃើញថាមានសារធាតុញៀនទាំងអស់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងដំណើរការតាមនីតិវិធី ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Advertising