(ភ្នំពេញ)៖ ទាំងទណ្ឌិត សម រង្ស៉ី ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររបស់ពួកគេ មួយមាត់ណាក៏អួតអាងពីការគោរពស្រឡាញ់ប្រជាធិបតេយ្យ គោរពស្រឡាញ់ការគោរពសិទ្ធិ រួមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិផងដែរ តែធាតុពិត សណ្តានពិតរបស់ពួកគេមិនដូច្នោះឡើយ។ មួយមាត់ណាក៏ពួកគេដៀលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជារបបផ្តាច់ការ របបបំបិទសិទ្ធិសេរីភាព តែពួកគេមិនទាន់ទាំងកាន់អំណាចផង បានធ្វើសកម្មភាពផ្តាច់ការ បំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិទៅហើយ។
បុរសខ្មែរ-អាមេរិកវ័យចំណាស់ម្នាក់ ត្រូវបានគេចាប់បញ្ជូនចេញពីវេទិកាសំណេះសំណាលរវាងទណ្ឌិត សម រង្ស៉ី ជាមួយអ្នកគាំទ្ររបស់ខ្លួននៅទីក្រុង San Jose ប្រទេសអាមេរិក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ។
បើតាមការបញ្ជាក់របស់ អេង ឆៃអ៊ាង អតីតមន្ត្រីជាន់ខ្ពស់មួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា បុរសវ័យចំណាស់រូបនេះមានឈ្មោះ ជុំ សុជាតិ។ លោក អេង ឆៃអ៊ាង បានអះអាងថា ការចាប់បុរសនេះចេញពីវេទិកាដោយសារតែពូកែសួរសំណួរបែបផ្ចាញ់ផ្ចាលទៅកាន់លោក សម រង្ស៉ី។
លោក អេង ឆៃអ៊ាង លើកឡើងថា សំណួរដែលសួរដោយលោក ជុំ សុជាតិ គឺជាសំណួរឥតប្រយោជន៍។ តែបើតាមអ្នកចូលរួមក្នុងវេទិកាបានអះអាងថា មូលហេតុដែលនាំឲ្យមានការរារាំង និងចាប់លោក ជុំ សុជាតិ ចេញពីវេទិកាដោយសារតែបុរសរូបនេះចូលចិត្តសួរសំណួរពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយនៅកម្ពុជា រួមទាំងស្ថានភាពរបស់អតីតគណបក្សសង្គ្រោះជាតិផងដែរ។ ជាពិសេសគឺសំណួរដែលនាំឲ្យទណ្ឌិត សម រង្ស៉ី ក្តៅស្លឹកត្រចៀក និងឆ្លើយមិនរួច គឺរឿងសន្យាផ្សេងៗដែលទណ្ឌិតរូបនេះធ្វើមិនបាន។
ទង្វើរបស់ក្រុមអ្នកគាំទ្រទណ្ឌិត សម រង្ស៉ី ចាប់មនុស្សចេញពីវេទិកាទាំងកម្រោលនេះ នាំឲ្យផ្ទុះការរិះគន់ខ្លាំងពីសំណាក់អ្នកស្រឡាញ់ប្រជាធិបតេយ្យ រួមមានទាំងអ្នកគាំទ្រអតីតគណបក្ស សង្គ្រោះជាតិផងដែរ។ ក្រុមអ្នករិះគន់លើសកម្មភាបនេះ បានលើកឡើងថា ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ រួមទាំងទណ្ឌិត សម រង្ស៉ី ផង មួយមាត់ណាក៏និយាយពីការលើកកម្ពស់ តម្លៃប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ ហើយតែងតែរិះគន់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថា ជារបបផ្តាច់ការ របបបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិជាដើម។
តែផ្ទុយទៅវិញទាំងទណ្ឌិត សម រង្ស៉ី ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រអតីតគណបក្សនេះផង បែរជាធ្វើសកម្មភាពបង្ហាញពីរបបផ្តាច់ការ និងបំបិទសេរីភាពនៃការបញ្ចេញមតិទាំងពួកគេមិនទាន់បានដឹកនាំប្រទេសផងនោះ។ ក្រុមអ្នកស្រឡាញ់ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ បានបង្ហាញការខកចិត្ត និងអស់សង្ឃឹមផងដែរ ចំពោះកាយវិការរបស់ក្រុមមនុស្សដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យទាំងអស់នេះ។
តាមរយៈកាយវិការបង្ហាញពីភាពផ្តាច់ការនេះ នាំឲ្យគេសន្និដ្ឋានថា សំឡេងគោរពប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សចេញពីបបូរមាត់របស់ទណ្ឌិត សម រង្ស៉ី ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រនោះ គ្រាន់តែជាពាក្យពេចន៍ភូតកុហក បោកប្រាស់ប្រជាពលរដ្ឋប៉ុណ្ណោះ តែវាមិនមែនជាសណ្តាន មិនមែនជាសារជាតិជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ ស្រឡាញ់ការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិសេរីភាពបញ្ជេញមតិរបស់ពួកគេនោះឡើយ៕