(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ខ្លួនទទួលចំណូលជាង១៣លានដុល្លារអាមេរិក កើនឡើងជាង៥០ភាគរយ បើធៀបនឹងឆ្នាំ២០១៧។

បើតាមរបាយការណ៍ប្រៃសណីយ៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់ថា ប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា បានកើតឡើងជាបន្តបន្ទាប់ពី២,១៦៤,០០០ដុល្លារ ក្នុងឆ្នាំ២០១០ កើនឡើង១៣,១៦៩,៣១៩.៦៣ដុល្លារ ក្នុងឆ្នាំ២០១៨ ជាពិសេស គឺទទួលបានប្រាក់ចំណេញជារៀងរាល់ឆ្នាំ។

របាយការណ៍បញ្ជាក់ទៀថា ជាក់ស្តែងចំណូលឆ្នាំ២០១៨ សរុបចំនួន១៣,១៦៩,៣២០ដុល្លារធៀបនឹងឆ្នាំ២០១៧ ចំណូលសរុប៨,៤៩៧,៤១៣ដុល្លារកើនឡើង៥៤.៩៨% ទទួលបានប្រាក់ចំណេញ១,០២៧,០១០ដុល្លារ។ បើប្រៀបធៀបចំណូលនឹងឆ្នាំ២០១១ មានចំនួន ៣,៧៧១,៥៩៨ដុល្លារ មានការឡើងរហូតដល់២៤៩.១៧%។

ការដំឡើងប្រាក់បៀវត្សជូននិយោជិតជាងរៀងរាល់ឆ្នាំ នៅក្នុងឆ្នាំ២០១១ និយោជិតក្នុងម្នាក់ ទទួលប្រាក់បៀវត្សគិតជាមធ្យមមានចំនួន ៧,៧៥៦,៧៥២រៀលក្នុងមួយឆ្នាំ។ ការព្យាករណ៍នៅក្នុងឆ្នាំ២០១៩ នេះប្រាក់បៀវត្សនិយោជិតក្នុងម្នាក់ ទទួលគិតជាមធ្យមមានចំនួន ២៦,៧៥៦,៧៥២រៀលក្នុងមួយឆ្នាំ។

នៅឆ្នាំ២០១៤ ប្រៃសណីយ៍កម្ពុជា បានសហការជាមួយដៃគូវិនិយោគបង្កើតបាន ជាធនាគារប្រៃសណីយ៍កម្ពុជា ដែលមកដល់ឆ្នាំ២០១៨ នេះធនាគារបានបង្កើនដើមទុនដល់៧៥លានដុល្លារក្នុងនោះមាន ដើមទុនធនាគារកាណាឌីយ៉ា មានភាគហ៊ុន៥០% ស្មើនឹង៣៧,៥០០,០០០ដុល្លារ, ធនាគារ Fullerton មានភាគហ៊ុន៤៥% ស្មើនឹង៣៣,៧៥០,០០០ដុល្លារ និងប្រៃសណីយ៍កម្ពុជា មានភាគហ៊ុន៥% ស្មើនឹង៣,៧៥០,០០០ដុល្លារ។ ក្នុងប្រតិបត្តិការរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៤ ដល់ ២១០៨ ធនាគារប្រៃសណីយ៍កម្ពុជា បានរកប្រាក់ចំណេញ ៣៦,២០៨,០១៥ដុល្លារតាមឆ្នាំដូចជា៖ ឆ្នាំ២០១៤ ចំណេញ១,៤៩៨,០១៥ ដុល្លារ, ឆ្នាំ២០១៥ ចំណេញ៤,១៦០,០០០ដុល្លារ, ឆ្នាំ២០១៦ ចំណេញ៨,៤០០,០០០ដុល្លារ, ឆ្នាំ២០១៧ ចំណេញ៨,៦៥០,០០០ដុល្លារ និងឆ្នាំ២០១៨ ចំណេញ ១៣,៥០០,០០០ដុល្លារ។ ក្នុងគម្រោង៥ឆ្នាំខាងមុខទៀត ធនាគារប្រៃសណីយ៍កម្ពុជា នឹងរកបានប្រាក់ចំណេញចំនួន១៥០លានដុល្លារ ហើយប្រៃសណីយ៍កម្ពុជាមាន៥% ស្មើនឹង ៧,៥០០,០០០ដុល្លារ។

លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ប្រៃសណីយ៍កម្ពុជា បាននឹងកំពុងប្រឡូកយ៉ាងសកម្មក្នុងការទទួល និងចែកចាយបញ្ញើ ដើម្បីរុញច្រានវិស័យប្រៃសណីយ៍ ឲ្យកាន់តែមានប្រសិទ្ធភាព និងវឌ្ឍនភាពក្នុងឆាកអន្តរជាតិ ដោយការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនក្នុង និងក្រៅប្រទេស។

លោកបន្តថា តម្រូវការរបស់អតិថិជន ជាបេសកកម្មស្នូលរបស់ថ្នាក់ដឹកនាំ និងនិយោជិតប្រៃសណីយ៍កម្ពុជាគ្រប់ជាន់ថ្នាក់ ក្នុងគោលបំណងធំ គឺបម្រើវិស័យប្រៃសណីយ៍ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្នុងលក្ខខណ្ឌជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម និងរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈបង្កើនកម្រិតជីវភាពនិយោជិត។

លោកអគ្គនាយកបញ្ជាក់ទៀតថា ចំពោះការសម្រេចចិត្ត លើសកម្មភាពភាគច្រើនរបស់អង្គភាពប្រៃសណីយ៍ មានការចូលរួមពី គ្រប់សមាសភាព តាមនីតិវិធីច្បាប់ គ្រប់ផែនការមេ សុទ្ធតែត្រូវបានឆ្លងការអនុមត្ត ពីអង្គប្រជុំក្រុមប្រឹក្សាភិបាល រាល់ផែនការការវិនិយោគ ការទិញសម្ភារផ្គត់ផ្គង់បម្រើឲ្យអាជីវកម្ម ត្រូវមានការសម្រេចពីក្រសួងអាណាព្យាបាល។ ការជ្រើសរើសនិយោជិត ការដាក់វិន័យលើនិយោជិត ការបណ្តេញនិយោជិតពីការងារ គឺទាល់តែមានការប្រជុំសម្រេចពី ក្រុមប្រឹក្សាវិន័យ និងក្រុមប្រឹក្សាភិបាលប្រៃសណីយ៍កម្ពុជា។

លោកបន្ថែមទៀតថា លទ្ធផលដែលប្រៃសណីយ៍ទទួលបាន កន្លងមកនេះ ពិតជាមានមោទនភាពខ្លាំង ហើយពិតជាលទ្ធផល ដែលបានចូលរួមចំណែក ពីកិច្ចសហប្រតិបត្តិការការងារជាក្រុម ពីថ្នាក់ដឹកនាំ ពីក្រុមការងារជំនាញបច្ចេកទេស ក្រុមការងារបម្រើសេវាកម្មផ្ទាល់ជាមួយអតិថិជន និងនិយោជិត គ្រប់ជាន់ថ្នាក់ ។ ហេតុនេះ ពួកគាត់ត្រូវទទួលការតបស្នងវិញ ជាការតម្លើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ មានដូចជាថែទាំសុខភាព ប្រាក់រង្វាន់ និងប្រាក់សោធននិវត្តន៍៕