(តាកែវ)៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញញ្ញាត្តិទាត់ចោលទាំងស្រុង នូវឯកសារក្លែងក្លាយបំភ្លៃការពិត ត្រូវបានចែកចាយដោយទណ្ឌិត សម រង្ស៉ី នៅក្នុង Facebook របស់ខ្លួនក្នុងគោលបំណងញុះញង់ បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កឲ្យមានភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានច្បាប់របស់ទណ្ឌិត សម រង្ស៉ី ម្តងហើយម្តងទៀត ដើម្បីតែបំពេញមហិច្ឆិតា ក្នុងក្តីស្រមើស្រមៃរបស់ខ្លួន ដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

យោងតាមញ្ញាត្តិរបស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ សូមប្តឹងដល់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការជាបន្ទាន់ដើម្បីវែកមុខរកជន ដែលពាក់ព័ន្ធនឹងបទល្មើសខាងលើ យកមកផ្តន្ទាទោសឲ្យបានម៉ឺង ម៉ាត់បំផុតតាមច្បាប់ជាធរមាន។ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងខេត្តតាកែវ សូមគោរពនូវតួនាទីជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអក្នមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ មានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើម្បីញុះញង់ និងបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។

សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ៕