(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីការអំពាវនាវប្រកបដោយមោទនភាពរបស់លោក សម រង្ស៊ី ថ្មីៗនេះ ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរទំាងអស់ ងើបឈរទ្បើងបះបោរដើម្បីដូរមេដឹកនំាសម្ដេចតេជោ ហ៊ុន សែន ដើម្បីលុបបំណុលឬឆាបំណុលដែលប្រជាពលរដ្ឋបានជំពាក់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ឬពីការចងការប្រាក់ផ្សេងៗនោះគឺជាទ្រឹស្ដីនយោបាយរបស់ពួកខ្មែរក្រហម។
ពីព្រោះថាចំពោះការលុបបំណុល ឬឆាបំណុលទំាងនេះគឺពួកខ្មែរក្រហមប្រើដើម្បីដណ្ដើមអំណាចពីពួកនល់នល់។ បើដូច្នេះមានន័យថា ចំពោះការដែលលោក សម រង្ស៊ី បានប្រកាសលុបបំណុល ឬឆាបំណុលទំាងនេះគឺជាការអនុវត្ដតាមទ្រឹស្ដីនយោបាយខ្មែរក្រហមហ្នឹងឯង។
ដោយហេតុថា បើនិយាយពីសាវតារទ្រឹស្ដីនយោបាយលុបបំណុល ឬឆាបំណុលនេះ គឺពួកខ្មែរក្រហមបានមើលឃើញប្រជាពលរដ្ឋខ្មែរយើង បានជំពាក់ប្រាក់ធនាគារ ឬការខ្ចីបុលចងការប្រាក់ ឬកុងស៊ី ឬតុងទីន ពីគ្នាទៅវិញទៅមកយ៉ាងច្រើនស្ទើរពាសពេញប្រទេសតំាងពីសម័យសង្គមរាស្រ្ដនិយម រហូតមកសម័យលន់នល់។
លោក រត្ន័ សណ្ដាប់ បន្ដថា បើដូចនេះដោយពួកខ្មែរក្រហម មើលឃើញពីចំណុចនេះហើយក៏បានដាក់ចេញនូវនយោបាយលុបបំណុល ឬឆាបំណុលនេះឯង។ ដោយពេលនោះពួកខ្មែរក្រហម បានអំពាវនាវប្រកបដោយមោទនភាពថា សូមបងប្អូនងើបឈរទ្បើងបះបោរ មករួមរស់ជាមួយចលនាតស៊ូរបស់ខ្លួនដើម្បីដូររបបលន់នល់ ដើម្បីលុបបំណុល ឬឆាបំណុលដែលបងប្អូនបាន ជំពាក់តំាងពីណាពីណីមក ដូចយើងឃើញលោក សម រង្ស៊ី រើសមកប្រើសព្វថ្ងៃនេះឯង។ ដោយស្ថិតត្រង់ចំណុចនេះ ហើយទើបបណ្ដាលឲ្យចលនាខ្មែរក្រហម មានសន្ទុះយ៉ាងឆាប់រហ័សបំផុត គួបផ្សំនឹងខ្មែរយើងមានការឈឺចាប់ពីការទម្លាក់គ្រប់បែករបស់អាមេរិកផងនោះ។
បើហេតុនេះចំពោះលោក សម រង្ស៊ី ដែលខិតខំប្រើសារនយោបាយដដែលៗ ស្ដីពីការលុបបំណុល ឬឆាបំណុលដូចយើងឃើញនេះ គឺច្បាស់ណាស់! ចម្លងតាមទ្រឹស្ដីខ្មែរក្រហមហ្នឹងឯង។ ទន្ទឹមនឹងនេះលោក រត្ន័ សណ្ដាប់ ក៏បានថ្លែងចាត់ទុកផងដែរថា ចំពោះសារនយោបាយលុបបំណុល ឬឆាបំណុលនេះ ប្រសិនបើលោក សម រង្ស៊ី អនុវត្ដនូវរបបប្រជាធិបតេយ្យពិតប្រាកដនោះ គឺពុំអាចអនុវត្ដបានទេ គឺគ្រាន់តែជាសារបោកប្រាស់តែប៉ុណ្ណោះ។ សួរថាម៉ិចបានជាអនុវត្ដន៍ពុំបាន? ពីព្រោះធនាគារ ឬមីក្រូហិរញ្ញវត្ថុ ឬការរកស៊ីចងការ ឬហាងបញ្ចំាទំាងអស់គឺសុទ្ធតែជារបស់ឯកជន គឺពុំមែនជារបស់រដ្ឋនោះទេ។ បើដូច្នេះចំពោះសារនយោបាយរបស់លោក សម រង្ស៊ី ដែលចង់លុបបំណុល ឬឆាបំណុលទំាងអស់នេះគឺជាការរំលោភលើកម្មសិទ្ធិឯកជនដ៏ឃោរឃៅបំផុត។
ម្យ៉ាងទៀតបើនិយាយពីបំណុលសព្វថ្ងៃនេះទៀតសោត ដែលប្រជាពលរដ្ឋជំពាក់នោះគឺមានភាពប្រទាក់ក្រទ្បាដែលជាកត្ដាជម្រុញដល់ខឿនសេដ្ឋកិច្ចជាតិ ដោយមិនខុសពីបណ្ដាប្រទេសជឿនលឿននានា លើពិភពលោកនោះទេ។ បានន័យថាចំពោះបំណុលដែលប្រជាពលរដ្ឋជំពាក់ធនាគារ ឬដោយការចងការប្រាក់ផ្សេងៗនោះ គឺពាក់ព័ន្ធទៅនឹងការបង់រំលោះថ្លៃផ្ទះ ឬទ្បាន ឬម៉ូតូ ជាដើម។បើដូច្នេះស្ថិតត្រង់ចំណុចនេះបើលោក សម រង្ស៊ី ចង់លុបបំណុល ឬឆាបំណុល របស់បងប្អូនខ្មែរយើង ដូចខ្លួនអះអាងមែននោះគឺទាល់តែលោក សម រង្ស៊ី អនុវត្ដដូចរបបខ្មែរក្រហមគឺលុបបំបាត់ទីផ្សារ និងការចាយប្រាក់ទើបអនុវត្ដបាន៕