(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានផ្តល់បទសម្ភាសផ្តាច់មុខជូនបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការបើកការស៊ើបអង្កេតលើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី គឺមិនមែនធ្វើតាមពាក្យបណ្តឹងរបស់ អង្គការសង្គមស៊ីវិលមួយណានោះទេ តែកម្លាំងជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេតតាំងពីមានតម្រុយមុននេះម្ល៉េះ។
ការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានធ្វើឡើងបន្ទាប់ពី ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ដាក់ពាក្យប្តឹងអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឱ្យបើកការស៊ើបអង្កេតលើ លោក គឹម រស្មី អតីតមេបញ្ជាការអាវុហត្ថលើផ្ទៃប្រទេស ក្រោយពីមានវីដេអូចែកលុយកូនៗចំនួន៥នាក់នូវម្នាក់ៗចំនួន៥០ម៉ឺនដុល្លារ ដែលលោកសង្ស័យថា ជាលុយពុករលួយ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានបើកការស៊ើបអង្កេតលើ អតីតមេ PM រូបនេះ តាំងពីមុនពាក្យបណ្តឹងម្ល៉េះ ដែលបង្ហាញថា ការបើកការស៊ើបអង្កេតនេះ មិនមែនធ្វើតាមខ្សែញាក់ ឬបណ្តឹងរបស់ អង្គការសង្គមស៊ីវិលនោះឡើយ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ជាបន្ទាន់តែម្តង បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។
កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅក្នុងពិធីខួបកំណើតបានប្រកាសនៅលើវេទិកាចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។
មហាជនជាច្រើនបានបង្ហាញការសង្ស័យថា ឧត្តមសេនីយ៍ត្រី គឹម រស្មី ដែលសម្ញែងលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយ ដោយសារតែប្រាក់បៀវត្សរបស់គាត់ នឹងមិនអាចមានចំនួនច្រើនបែបនេះឡើយ។ ចំណែកអ្នកប្រើប្រាស់តាមបណ្តាញសង្គម Facebook មួយចំនួនទៀត ក៏បានដាក់ការចោទប្រកាន់ថា លោក គឹម រស្មី គឺជាអ្នកនៅពីក្រោយខ្នងនៃការរកស៊ីឈើ នៅខេត្តរតនៈគិរី ដែលជាខេត្តសម្បូរព្រៃឈឺទៀតផង។
អភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលដាក់ចេញនៅក្នុងអាណត្តិទី០៦នេះ ក៏ចាប់ផ្តើមផុលផុស តាមបណ្តាញសង្គម និងទំព័រសារព័ត៌មានជាថ្មីម្តងទៀត ដើម្បីរំលឹកដល់មន្រ្តីទាំងអស់ឱ្យខិតខំបម្រើជាតិ កុំកេងប្រវ័ញ ឬពុករលួយ។ អភិក្រម ១៖ ឆ្លុះកញ្ចក់ ២៖ ងូតទឹក ៣៖ ដុសក្អែល ៤៖ ព្យាបាល និង៥៖ វះកាត់ ដែលដាក់ចេញសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភានេះ ក៏ហាក់បង្ហាញថា រាជរដ្ឋាភិបាល នឹងមិនលើកលែងចំពោះមន្រ្តីខិលខូចខុសច្បាប់នោះឡើយ៕