(ភ្នំពេញ)៖ អ្នកអធិប្បាយបញ្ហាសង្គម និងនយោបាយនៅឯនាយសមុទ្រ លោក សុខ សុគន្ធ ហៅ ជេម សុខ បានចោទជាសំណួរចំនួនពីរបង្កប់ដោយការផ្ចាញ់ផ្ទាល់ និងឌឺដងទៅកាន់ទណ្ឌិត សម រង្ស៉ី។ សំណួរពីរនោះរួមមាន៖ តើលោក សម សង្ស៉ី នឹងចូលមកចាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចការអួតអាងរបស់ខ្លួនដោយវិធីណា? និងមួយសំណួរទៀត គ្រាន់តែវឹលចូលប្រទេសខ្មែរវិញ ហេតុអ្វីត្រូវការថវិការហូតដល់ទៅ ៣០ម៉ឺនដុល្លារ ខណៈសំបុត្រយន្តហោះរបស់លោកមានគេចេញឲ្យហើយនោះ?
សំណួរបស់លោក សុខ សុគន្ធ បានលើកឡើង បន្ទាប់ពីនៅពេលថ្មីៗនេះ លោក សម រង្ស៉ី បានប្រកាសអួតអាងក្តែងៗទៅដល់អ្នកគាំទ្ររបស់ខ្លួននៅអាមេរិក និងនៅបណ្តាប្រទេសមួយចំនួនទៀតថា នឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។ ទន្ទឹមការប្រកាសវិលចូលស្រុកហើយនោះ ទណ្ឌិតប្រៀបដូចជាមនុស្សកំពុងឈ្លក់ទឹករូបនេះ ថែមទាំងបានអះអាងថា នឹងចូលមកចាប់សម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។
លោក សុខ សុគន្ធ អ្នកអធិប្បាយដែលតែងតែបកស្រាយពន្យល់បើកកកាយពីល្បិចកិច្ចកលពុតត្បុតរបស់ទណ្ឌិត សម រង្ស៉ី បានជជីកឲ្យទណ្ឌិតរូបនេះ បង្ហាញពីវិធីដែលអាចឈានទៅចាប់ខ្លួនសម្តេចតេជោ ហ៊ុន សែន ខណៈដែលប្រព័ន្ធគ្រប់គ្រង និងកងទ័ពកំពុងបង្ហាញឆន្ទៈមុះមុតការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។
អ្នកអធិប្បាយនាយសមុទ្ររូបនេះ ក៏បានចោទសួរទណ្ឌិត សម រង្ស៉ី ផងដែរថា ហេតុអ្វីគ្រាន់តែចូលស្រុកសោះចាំបាច់ប្រើថវិការហូតដល់ទៅ៣០ម៉ឺនដុល្លារ ខណៈដែលថ្លៃសំបុត្រយន្តហោះមានអ្នកចេញឲ្យហើយនោះ។ លោក សុខ សុគន្ធ ក៏បានលើកជាឧទាហរណ៍បង្ហាញទណ្ឌិត សម រង្ស៉ី ថា ហូ ជីមិញ មេដឹកនាំវៀតណាម ក្នុងពេលធ្វើចលនារំដោះប្រទេសជាតិពីអាណានិគមបារាំងមិនមានប្រើប្រាស់ថវិកានោះទេ។
លោក សុខ សុគន្ធ ធ្លាប់បានលើកឡើងថា ការប្រកាសវិលត្រឡប់ចូលស្រុកនៅក្នុងឆ្នាំ២០១៩របស់ទណ្ឌិត សម រង្ស៉ី គ្រាន់តែជាការប្រកាសប្រជាភិថុតិ បោកអ្នកគាំទ្រតែប៉ុណ្ណោះ។
លោក សុគន្ធ ក៏បានរិះគន់ទណ្ឌិតសម រង្ស៉ី ផងដែរថា ជាអ្នកនយោបាយគ្មានចេះរៀបចំគម្រោង ឬផែនការយុទ្ធសាស្ត្រនយោបាយអ្វីឲ្យច្បាប់លាស់នោះឡើយ ប្រៀបដូចជាជាងជួសជុលដែលគ្មានសម្ភារៈ។