(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្ត របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ឋ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់ទាំងអស់ក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ រដ្ឋមន្ដ្រី បានរំលឹកណែនាំដល់បងប្អូនឲ្យចេះថែរក្សាសុខភាពឱ្យបានល្អ និងត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ក្នុងករណីដែលមានជំងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់។

ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលដឹកនាំរបស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង នេះ គឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការ នយោបាយ ឬសាសនា ប្រមូលកម្លាំងស្ម័គ្រចិត្ត ចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ជំនាញដល់និស្សិតពេទ្យ ឲ្យមានជំនាញបន្ថែម។ ចំពោះសកម្មភាពនេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ ឱ្យខិតជិតដល់បងប្អូនប្រជាពលរដ្ឋ តាមសហគមន៍ និងដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

កម្មវិធីពិនិត្យសុខភាព ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនេះ គឺដើម្បីបំពេញសេចក្ដីត្រូវការឲ្យទាន់ពេលវេលា លើសេវាសុខភាពមូលដ្ឋានជូនប្រជាពលរដ្ឋ រួមមានការផ្តល់នូវសេវា មានដូចជា៖ ពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅ (សម្រាប់មនុស្សពេញវ័យ និងកុមារ), ពិនិត្យមាត់-ធ្មេញ, ពិនិត្យភ្នែក (មានផ្តល់វ៉ែនតា), ពិនិត្យជំងឺបេះដូង-វាស់សង្វាក់បេះដូង ,អេកូបេះដូង, ពិនិត្យផ្ទៃពោះ និងអេកូពោះ, ព្យាបាលដោយចលនា, មន្ទីរពិសោធន៍ និងផ្តល់ឱសថ។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង រំភើបស្ទើរស្រក់ទឹកភ្នែក ដោយមានថ្នាក់ដឹកនាំ បានយកចិត្ដទុកដាក់ដល់ពួកគាត់ មិនថាពេលណា ឬទីកន្លែងណានោះទេ៕