(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំបញ្ជីមុខទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ គឺជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិត គុណ ញឹម បញ្ជាក់បែបនេះ ក្នុងពេលបើកកិច្ចប្រជុំជំរុញដំណើរការពិនិត្យកែសម្រួលខ្លឹមសារស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីតំណាងធនាគារពិភពលោក និងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួង-ស្ថាប័នជំនាញរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ធនាគារជាតិនៃកម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែនិងថាមពល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនោះ លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការកែសម្រួលបញ្ជីមុខទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ធ្វើឡើងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យមានភាពសមស្របទៅតាមការវិវត្តនៃសភាពការណ៍ ទាំងលើទិដ្ឋភាពបច្ចេកវិទ្យា និងប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។

លោកបណ្ឌិតបន្តថា «ការកែសម្រួលក្នុងទិសដៅកាត់បន្ថយចំនួនមុខទំនិញដែលជាកម្មវត្ថុនៃការហាមឃាត់ ឬជាប់កម្រិតកំណត់លើការនាំចេញនាំចូល គឺជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងឧត្ដមភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការកាត់បន្ថយរបាំងមិនមែនពន្ធ ហើយដែលត្រូវធ្វើឡើងស្របគ្នាជាមួយការកសាង និងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ»

ក្នុងកិច្ចប្រជុំនោះ អ្នកជំនាញការធនាគារពិភពលោកបានបង្ហាញជូនអង្គប្រជុំនូវបទពិសោធន៍នៃការអនុវត្តល្អជាអន្តរជាតិនានា ជាពិសេសពាក់ព័ន្ធនឹងកត្តានានា ដែលត្រូវគិតគូរក្នុងការកំណត់របាំងមិនមែនពន្ធប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបានតុល្យភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការទប់ស្កាត់ហានិភ័យនានា ព្រមទាំងកាត់បន្ថយបានជាអតិបរមានូវផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះអ្នកជំនាញការក៏បានផ្តល់អនុសាសន៍ស្តីពីអភិក្រមនៃ​កិច្ចដំណើរការពិនិត្យនិងកែ​សម្រួលបញ្ជីទំនិញ ចាប់ផ្តើមពីការវិភាគនិងកំណត់អាទិភាពនៃមុខទំនិញដែលគួរដាក់បន្ថែមឬដកចេញ, កិច្ចពិគ្រោះយោបល់ រហូតដល់យន្តការនៃការសម្រេច​មុននឹងដាក់ជូនរាជរដ្ឋាភិបាលធ្វើការអនុម័តជាចុងក្រោយ។

ជាលទ្ធផលអង្គប្រជុំបានឯកភាពកំណត់នូវទិសដៅការងារបន្តចំនួន៤ រួមមាន៖
ទី១. ត្រូវបង្កើតក្រុមការងារសម្របសម្រួលអន្តរស្ថាប័នមួយឲ្យបានឆាប់ដើម្បីចាប់ផ្តើមកិច្ចដំណើរការការងារនេះ,
ទី២. ត្រូវកំណត់ទម្រង់ឬអភិក្រមច្បាស់លាស់លើការពិនិត្យ និងកែសម្រួលមុខទំនិញក្នុងបញ្ជីតាមការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធនីមួយៗ,
ទី៣. ត្រូវកំណត់យន្តការនៃការរាយការណ៍ និងការសម្រេចលើបញ្ជីកែសម្រួលដើម្បីដាក់ជូនរាជរដ្ឋាភិបាល និង
ទី៤. កំណត់ក្របខណ្ឌពេលវេលាជាក់លាក់នៃការបញ្ចប់កិច្ចដំណើរការកែសម្រួលអនុក្រឹត្យលេខ ២០៩នេះ។

ទន្ទឹមនេះ លោកបណ្ឌិត គុណ ញឹម ប្រធានអង្គប្រជុំក៏បានផ្តាំផ្ញើឱ្យតំណាងក្រសួង-ស្ថាប័ននីមួយៗរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីពិនិត្យកែសម្រួលមុខទំនិញហាមឃាត់និងជាប់កម្រិតកំណត់ដែលស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរៀងៗខ្លួន និងត្រៀមបទបង្ហាញអំពីលទ្ធផលនៃការកែសម្រួលទាំងនោះ ដោយមានការបញ្ជាក់ពីហេតុផលនិងភាពចាំបាច់នានា ទាំងលើទិដ្ឋភាពច្បាប់, ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងភាពងាយស្រួលក្នុងការអនុវត្ត សម្រាប់បង្ហាញក្នុងកិច្ចប្រជុំលើកក្រោយ៕