(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។ ពិធីបិទសន្និបាទទូរទស្សន៍ព័ត៌មាន Fresh News ក៏បានចូលរួមផ្សាយផ្ទាល់ទៅកាន់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាគ្របដណ្តប់នៅទូទាំងប្រទេស។

ខាងក្រោមនេះជាប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានក៏បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ការពារបានសុខសន្តិភាពដែលប៉ុនប៉ងបំផ្លាញ របស់ក្រុមជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន។ ជាពិសេសបានប្រឹងប្រែងធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានដំណើរការទៅប្រកបដោយជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់កងកម្លាំងនគរបាលត្រូវបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព អធិបតេយ្យ បូរណភាពទឹក និងប្រឆាំងដាច់ខាតរាល់បដិវត្តន៍ពណ៌។

* សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកមន្ត្រីពាក់ព័ន្ធប្រឹងប្រែងក្នុងការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធិភាព។ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿង ទប់ស្កាត់បទល្មើសនេសាទ...។

* សម្តេចនាយករដ្ឋមន្ត្រី បន្តសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង ដើម្បីបង្ក្រាបទប់ស្កាត់ភេរវកម្ម ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យទប់ស្កាត់ជនអន្តោប្រវេសន៍ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងគ្រប់គ្រងឲ្យបានហ្មត់ចត់ចំពោះជនបរទេសនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ឲ្យបានគ្រប់គ្នាទៅតាមច្បាប់នៅខែឧសភា ខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន ជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ធ្វើយ៉ាងណាឲ្យការផ្តល់សេវានេះបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរ និងកម្លាំងត្រៀមខ្លួនចុះដឹកទឹកចែកជូនប្រជាពលរដ្ឋនៅក្នុងរដូវប្រាំងឆ្នាំនេះ ដែលប្រទេសប្រឈមអាកាសធាតុក្តៅហួងហែង។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរ និងកម្លាំងនគរបាលត្រូវប្រឹងប្រែងរួមគ្នាលើកកម្ពស់សេដ្ឋកិច្ច ដើម្បីពង្រឹងឯករាជ្យជាតិ អធិបតេយ្យជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរស់ពឹង EBA មិនអាចពឹងឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋកុំខ្វល់ទៅនឹងសម្តីអ្នកដទៃ បើនៅតែអាចបន្តបើកប្រាក់បៀវត្សរ៍ និងអាចប្រកបរបបទទួលទានជាប្រក្រតីនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពអឺរ៉ុប ដោយមិនធ្វើឲ្យបញ្ហា EBA ប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងអឺរ៉ុបនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមហ៊ុនមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ ឲ្យបន្តរកស៊ី និងស្នាក់នៅដោយក្តីរីករាយក្រោមម្លប់សុខសន្តិភាពរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់អ្នកវិនិយោគ និងធុរជនទាំងអស់ឲ្យបន្តជឿជាក់ក្នុងការរកស៊ីនៅកម្ពុជា ខណៈកម្ពុជាកំពុងធ្វើកំណែទម្រង់លើសេវាផ្សេងៗជាច្រើនទៀត ដើម្បីសម្រួលដល់ការរកស៊ី។

* សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា តាមរយៈការធ្វើកំណែទម្រង់ជាច្រើននេះ បរិយាកាសនៃការវិនិយោគនៅកម្ពុជានៅតែល្អប្រសើរ។

* សម្តេចតេជោ បានថ្លែងថា តាមរយៈការវាយតម្លៃជាថ្មីរកឃើញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានរហូតដល់ទៅ ៧.៥ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះមាន ឬគ្មាន EBA មិនអាចធ្វើឲ្យកម្ពុជាស្លាប់ ឬមានបាននោះឡើយ។ សម្តេចតេជោ បានថ្លែងថា មិនមែនព្រោះតែ EBA ធ្វើតាមការបង្វិលរបស់គេនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយមិនអនុញ្ញាតឲ្យយកអធិបតេយ្យ និងឯករាជ្យរបស់ជាតិទៅប្តូរនឹងជំនួយ ឬបញ្ហាណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីគ្មានចំណូលបន្ថែម ក៏កម្ពុជាមានលទ្ធភាពបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការរហូតដល់ទៅមួយឆ្នាំ។ សម្តេចបន្ថែមថា ត្រឹមតែចំណូលពីពន្ធគយ គឺគ្រប់គ្រាន់សម្រាប់បើកប្រាក់បៀវត្សរ៍មន្ត្រីរាជការ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវទៅដល់កម្មករ កម្មការិនី កុំមានការព្រួយបារម្ភបញ្ហា EBA ដរាបណាការងារនៅតែមានធ្វើ។

* សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានៅតែបន្តធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០។ បញ្ហា EBA មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងអឺរ៉ុបនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពន្ធនៅអាស៊ានមានតែ៣ប៉ុណ្ណោះ គឺកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដក EBA គឺជាការសម្លាប់បក្សប្រឆាំង។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចកំពុងរង់ចាំមើលមុខក្រុមមនុស្សនិយាយថាកម្ពុជាស្លាប់ព្រោះតែការដក EBA នេះ។

* សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានទីផ្សារជាច្រើននៅលើពិភពលោក ដូច្នេះកម្ពុជាមិនស្លាប់ព្រោះតែការបាត់ជ្រុងណាមួយនោះទេ។

* សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានគ្រប់គ្រងគ្រប់ស្ថានការណ៍ទាំងអស់។

* សម្តេចតេជោ បានអះអាងថា បញ្ហាអង្ករមិនមែនជារឿង EBA នោះទេ តែជារឿងការប្រកួតប្រជែងរវាងអង្កររបស់អ៉ីតាលី អេស្បាញ និងអង្កររបស់កម្ពុជា។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការបង់ពន្ធអង្ករនាំចេញទៅអឺរ៉ុប ពលរដ្ឋខ្មែររស់នៅអឺរ៉ុប ក៏ប៉ះពាល់ដែរ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមធ្វើជំរឿននៅខែមិនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៤៖៣៧នាទី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News.៕