(កណ្ដាល)​៖​ ជាផ្នែកមួយនៃការឈានឆ្ពោះទៅអបអរទិវាពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️ កាកបាទក្រហមកម្ពុជា»​ នៅថ្ងៃព្រហស្បតិ៍​ ១០កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ​ ពិនិត្យ​ពីស្ថានភាព​រស់នៅ​ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី២​ ដល់សិស្ស​ គ្រូ​ បុគ្គលិក​ អ្នក​ស្ម័គ្រចិត្ត​ ចំនួន​៧៤នាក់​ នៃវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ​ និងចរិតលក្ខណៈ​​ ដែលមានទីតាំងស្ថិតនៅភូមិស្លាបតាអោន​ ឃុំគគីរ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល។

ក្នុងឱកាសជួបសំណេះសំណាល​នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ចំពោះ លោកគ្រូ អ្នកគ្រូ​ បុគ្គលិក​ អ្នក​ស្ម័គ្រចិត្តបរទេស​ ជាពិសេស​ក្មួយៗសិស្សទាំងអស់​​ ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាល នៅក្នុងវិទ្យាស្ថាននេះ ។

ជាមួយគ្នានេះ​ លោកស្រី​ អគ្គលេខាធិការរងទី​១​ បានផ្តាំផ្ញើដល់ក្មួយៗសិស្សទាំងអស់​ ត្រូវចេះស្រឡាញ់គ្នា​ សាមគ្គីគ្នា​ ចេះជួយយកអាសារគ្នាទៅវិញទៅមក​ និងបន្តរក្សាអនាម័យល្អ​ បរិស្ថានស្អាតក្នុងការរស់នៅ។ បន្ថែមពីនេះ​ សូមក្មួយៗទាំងអស់​ ត្រូវចេះរស់នៅដោយអត់ធ្មត់​ តស៊ូ​ ប្រឹងប្រែង​​ ប្រណិប័តន៍​វិន័យ គោរពលោកគ្រូអ្នកគ្រូ​ ដែល​បានលះបង់កម្លាំងកាយ-ចិត្ត​ ពេលវេលាផ្តល់ចំណេះដឹង​ ក្តីស្រឡាញ់​ ភាពកក់ក្តៅដូចជាអាណាព្យាបាល​ ហើយត្រូវតបស្នងវិញ​នូវការធ្វើអំពើល្អ​ និងរស់នៅជាមួយគ្នា ដោយសុខដុមរមនាក្នុងសង្គមជាតិ ដែលមានភាពសម្បូរសប្បាយរុងរឿង។

ជាមួយគ្នានេះ​ សូមក្មួយៗបំពេញកាតព្វកិច្ចជាកូនល្អ​ មិត្តល្អ​ សិស្សល្អ​ ពលរដ្ឋល្អក្នុងសង្គម​ ជៀសវាងការ​ប្រើប្រាស់គ្រឿងញៀន​ ការប្រព្រឹត្តនូវអំពើអបាយមុខ​ និងសេពគប់មិត្តមិនល្អ​ ហើយត្រូវអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន​ឱ្យក្លាយជា​ធនធានមនុស្សដ៏ពូកែ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។​

​សិស្ស​ លោកគ្រូ អ្នកគ្រូទាំងអស់​ បានតបស្នងនូវពាក្យពេចន៍ចេញពីបេះដូងថា​ «ខ្ញុំ​ ❤️ កាកបាទក្រហមកម្ពុជា»​ ជាពិសេស​ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ ផ្តល់ក្តីមេត្តា​ ករុណា​ អាណិត​ ស្រឡាញ់​ ព្រមទាំងបានឧបត្ថម្ភអំណោយជាច្រេីន​ ដែលនេះជាការលេីកទឹកចិត្ត​ និងផ្តល់ក្តីសង្ឃឹម​មិនចេះរីងស្ងួត។

អំណោយប្រគល់ជូនវិទ្យាស្ថានរួមមាន​៖​ អង្ករ​ ២តោន​ មីយើង​ ៣០កេស​ ត្រីខ​ ៨កេស​ ទឹកក្រូច​ ១០កេស​ ទឹកសុទ្ធ​ ១០កេស​ ទឹកត្រី​ ២៤ដប​ ទឹកស៊ីអ៊ីវ​ ២៤ដប​ ប្រេងឆា​ ២៤ដប​ ផ្លែក្រូច​ ១កេស​ ផ្លែទំពាំងបាយជូ​រ ២កេស​ និងថវិកា​ ៥លានរៀល។​ ដោយឡែក​សម្រាប់ សិស្ស គ្រូ​ និងបុគ្គលិក​ ទទួលបាន​ មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត១​ និងថវិកាមួយចំនួនផងដែរ ៕