(ភ្នំពេញ)៖ ពីលើវេទិកាក្នុងពិធីបិទអង្គសន្និបាតក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ទោះមាន ឬគ្មាន EBA មិនអាចធ្វើឲ្យប្រទេសកម្ពុជា ឬប្រជាជនកម្ពុជាស្លាប់ ឬមានបាននោះឡើយ ហើយ​រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានគ្រប់គ្រងគ្រប់ស្ថានការណ៍ទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា កម្ពុជាក៏មិនយក​អធិបតេយ្យ និងឯករាជ្យរបស់ជាតិទៅប្តូរនឹងជំនួយ ឬបញ្ហាណាមួយទេ។ ទោះបីគ្មានចំណូលបន្ថែម ក៏កម្ពុជាមានលទ្ធភាពបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការរហូតដល់ទៅមួយឆ្នាំ ព្រោះថា​ត្រឹមតែចំណូលពីពន្ធគយ គឺគ្រប់គ្រាន់សម្រាប់បើកប្រាក់បៀវត្សរ៍មន្ត្រីរាជការ​។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទោះមាន ឬគ្មាន EBA វាក៏មិនធ្វើឲ្យយើងស្លាប់ តែវាក៏មិនធ្វើឲ្យយើងក្លាយទៅជា អ្នកមានបានដែរ។ បញ្ហារកស៊ីបង់ពន្ធឲ្យគេ គេបង់ពន្ធឲ្យយើង គឺជារឿងស្មើភាពសមហេតុសមផល ដែលយើងមិនចង់ឲ្យអ្នកណាប្រើប្រាស់នូវភាពអនុគ្រោះ ហើយបែរជាមកបង្វិលក្បាលយើងតាមចិត្តចង់នោះទេ»

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា «ខ្ញុំបានបញ្ជាក់តាំងពីដើមទីមកថា មិនអាចយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយជំនួយអ្នកណាទាំងអស់ ដូច្នេះហើយបានជាយើងត្រូវខិតខំ ហើយខ្ញុំសូមបញ្ជាក់ថា EBA នេះយូរ ឬឆាប់វាគង់តែបាត់ទេ នៅណាដែលសេដ្ឋកិច្ចរបស់យើងដើរដល់នៅដំណាក់កាលមួយ ពេលនោះយើងនឹងបាត់ជាស្វ័យប្រវត្តិ»

បន្ថែមពីនេះបុរសខ្លាំងរបស់កម្ពុជា ក៏បាន​អំពាវនាវទៅដល់កម្មករ កម្មការិនី និងមន្ដ្រីរាជការ កុំមានការព្រួយបារម្ភបញ្ហា EBA ដរាបណាការងារនៅតែមានធ្វើ ហើយការដក EBA គឺជាការសម្លាប់បក្សប្រឆាំង។ សម្ដេចអះអាងទៀតថា សម្ដេចកំពុងរង់ចាំមើលមុខក្រុមមនុស្សនិយាយថា កម្ពុជាស្លាប់ព្រោះតែការដក EBA នេះ។

ទន្ទឹមគ្នានេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅពេលបច្ចុប្បន្ននេះ ប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ នៅអាស៊ានមានតែ៣ប៉ុណ្ណោះ គឺកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។

សូមជម្រាបថា សហភាពអឺរ៉ុប បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា។ ជុំវិញរឿងនេះ ​សហភាព​អឺរ៉ុប​ បានចោទប្រកាន់លើរាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះការគោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​សហជីព ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។

ព្រមពេលជាមួយគ្នានេះ ក្រសួងពាណិជ្មកម្មកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុបត្រូវការរយៈពេល​១៨ខែ ដើម្បីដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» នោះបើសិនជាសហភាពអឺរ៉ុបពិតជាសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ទំនិញកម្ពុជាមែននោះ។

សូមបញ្ជាក់ថា ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុប មានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕