(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាអង្ករមិនមែនជារឿងផ្អាកការអនុគ្រោះពន្ធ EBA នោះទេ ពោលដោយសារតែអង្ករអ៊ីតាលី និងអេស្ប៉ាញ ប្រកួតប្រជែងជាមួយអង្ករកម្ពុជាមិនឈ្នះ ទើបស្នើឲ្យអឺរ៉ុបពិចារណាដើម្បីឲ្យកម្ពុជាបង់ពន្ធក្នុងការនាំអង្ករចេញ។

ប៉ុន្ដែឆ្លើយតបនឹងបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា ប្រសិនបើអង្ករកម្ពុជាដែលនាំទៅអឺរ៉ុប ត្រូវបានតម្រូវឲ្យបង់ពន្ធនោះ មិនមែនខាតបង់ តែកសិករម្នាក់នោះទេ គឺមួយផ្នែកទៀតអ្នកដែលខាត ជាពលរដ្ឋខ្មែររស់នៅអឺរ៉ុបឯណោះ ដែលធ្លាប់ទទួលទានអង្ករដែលនាំចូលពីកម្ពុជាទៅវិញទេ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើនិយាយអំពីបញ្ហាអង្ករ អង្ករមិនមែនជាបញ្ហានយោបាយ EBA នោះទេ អង្ករវាជាបញ្ហាប្រកួតប្រជែង​រវាងអ៊ីតាលី និងអង្ករអេស្ប៉ាញ ជាមួយអង្ករដែលទៅពីកម្ពុជា​ រឿងនេះវាកើតឡើងប៉ុន្មានឆ្នាំមកហើយ អ៊ីតាលី និងអេស្ប៉ាញ គេផលិតអង្កររបស់គេលក់មិនដាច់ ដោយសារអង្ករកម្ពុជាឆ្ងាញ់ ដូច្នេះហើយបានជា​គេត្រូវទប់ស្កាត់អង្ករកម្ពុជា ហើយដើម្បីឲ្យអង្ករកម្ពុជា​បង់ពន្ធ»

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា «​អ្នករងគ្រោះពិតប្រាកដ មិនមែនកសិករកម្ពុជាម្នាក់ឯងទេ គឺខ្មែរដែលរស់នៅអឺរ៉ុបឯណោះ ដែលធ្លាប់ស៊ីអង្ករខ្មែរ គឺជាអ្នកបង់ថ្លៃទេសូមកុំភ័ន្ដច្រឡំបងប្អូនខ្មែរនៅបរទេសទាំងឡាយ។ អ្នកដែលរងគ្រោះ គឺអ្នកដែលទទួលទាននៅអឺរ៉ុប ហើយមានមួយភាគ ជាជនជាតិកម្ពុជានេះឯង​ដែលរស់នៅអឺរ៉ុប»

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏មិនពន្យល់បន្ថែមថា អង្ករកម្ពុជាមិនអាចនាំទៅអឺរ៉ុប តាមរយៈដែលគ្មានការបង់ពន្ធនោះ មិនមែនបណ្ដាមកពីបញ្ហានយោបាយទេ ពោលអ្វីដែលជាមូលហេតុពិតនោះ បណ្ដាលមកពីការទាមទាររបស់អ៊ីតាលី និងអេស្ប៉ាញ ដូច្នេះហើយដើម្បីឲ្យអង្ករអ៊ីតាលី និងអេស្ប៉ាលក់ដាច់ គេត្រូវបង្កើនពន្ធលើអង្ករកម្ពុជា​​ឲ្យថ្លៃជាង។

សូមជម្រាបថា​ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩មក អឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។

របាយការណ៍លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់ថា នៅខែដំបូង​ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករចំនួនជិត៦ម៉ឺនតោន ធ្លាក់ចុះ៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨។

បើតាមរបាយការណ៍បញ្ជាក់ថា ក្នុងខែមករាកន្លងទៅនេះ គឺពេលដែលអឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជាក៏ដោយនោះ ក៏អង្កររបស់កម្ពុជាចំនួនជាង២ម៉ឺនតោន ស្មើនឹង៤០ភាគរយ នៃចំនួននាំចេញទាំងអស់ បាននាំចេញទៅអឺរ៉ុប (គិតក្នុងខែមករាតែប៉ុណ្ណោះ)។ ខណៈចិនបានទិញអង្ករកម្ពុជាជិត២ម៉ឺនតោន៕