(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើជំរឿន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីងាយស្រួលស្រង់ស្ថិត និងកំណត់ចំនួនប្រជាជនកម្ពុជា ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។

ការមានប្រសាសន៍លើកឡើងបែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ពិធីប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ។ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនជនរួមជាតិទូទាំងប្រទេស សូមចូលរួមការធ្វើជំរឿន នៅថ្ងៃទី០៣ ខែមីនា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា»

សម្តេចតេជោ ហ៊ុន​​ សែន បានមានប្រសាសន៍បន្តថា ពីព្រោះការធ្វើជំរឿននេះ វាមានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ ដូច្នេះសូមអំពាវនាវចំពោះប្រជាពលរដ្ឋសូមមេត្តានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ កុំចេញទៅណា ដើម្បីឱ្យមន្ត្រីជំនាញចុះទៅកត់ត្រា និងស្រង់សិ្ថតិឱ្យបានច្បាស់លាស់ផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា តាមការប៉ាន់ស្មានតួរលេខរបស់ក្រសួងសុខាភិបាល ដែលបានផ្តល់ឱ្យបានឱ្យដឹងថាបច្ចុប្បន្ន ប្រជាជនកម្ពុជា មានចំនួនជាង១៦លាននាក់ ដែលមានអត្រាកំណើតដែលបានកត់នៅតាមមន្ទីរពេទ្យ មួយផ្នែកបានមកពីបញ្ជីអត្រានុកូលដ្ឋាន គោលបញ្ជីជាតិ និងរបាយការណ៍ផ្សេងៗទៀតផងដែរ។

សម្តេចតេជោ ហ៊ុន​ សែន ក៏បានមានប្រសាសន៍លើកឡើង រវាងចំនួនប្រជាជនប្រទេសកម្ពុជា និងប្រទេសឡាវ គឺមានភាពខុសគ្នាឆ្ងាយគ្នា ខ្លាំងណាស់ ដែលនៅក្នុងឆ្នាំ១៩៧៩ នៅក្នុងដំណើរទស្សនកិច្ច របស់គណៈប្រតិភូកម្ពុជា ទៅកាន់ប្រទេសឡាវ នៅពេលនោះប្រទេសឡាវ មានប្រជាជនប្រមាណប្រមាណ៥លាននាក់​ គឺស្មើរនឹងប្រជាជនកម្ពុជា ក៏ប៉ុន្តែបច្ចុប្បន្នវិញ ប្រជាជនឡាវ មានចំនួនប្រហែល៧លាននាក់ ប៉ុន្តែប្រជាជនកម្ពុជាវិញ មានចំនួនប្រមាណ១៦លាននាក់ ចំនួននេះមានន័យថា ប្រជាជនកម្ពុជា មានការកើនឡើងលើសប្រជាជនឡាវ ជាងពាក់កណ្តាលឯណោះ៕