(ភ្នំពេញ)៖ ទិវានៃក្ដីស្រលាញ់ ឬ Valentine’s Day ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ​មនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញកាដូ, បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងរ៉ូមែនទិក។

Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ក៏មានយុវវ័យជាច្រើន កំពុងតែយល់ច្រឡំថា ថ្ងៃ Valentine’s Day គឺជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណ ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។

ចំណែកកំពូលតារាចម្រៀងសម្លេងស្រទន់ផ្អែមពិរោះ រូបសម្បត្ដិស្រស់សោភា កញ្ញា សុខ ពិសី បានផ្ដល់នូវសេចក្ដីស្រលាញ់នេះ ចែកជូនដល់លោកអ៊ុ លោកតា លោកយាយចាស់ជរា ក្រខ្សត់ជិត២០០នាក់ ដែលរស់នៅរាជធានីភ្នំពេញ ដោយអញ្ជើញពួកគាត់ មកពិសាអាហារ ផ្ដល់ជូននូវកាដូ និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយផងដែរ ។

ក្នុងឱកាសនោះ កញ្ញា​ សុខ ពិសី បានលើកឡើងថា «ក្នុងទិវានៃក្ដីស្រលាញ់នេះ ខ្ញុំនឹងក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង​ Zorus ​បានបង្កើតកម្មវិធីជួយជុំលោតា លោកយាយ អ៊ុពូមីង ដែលកំពុងតែជួបការខ្វះខាត ដើម្បីចែករំលែកក្ដីស្រលាញ់ ពិសេសអញ្ជើញពួកគាត់ មកពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន មាតុភូមិយើង ដោយមានការផ្ដល់ជូននូវកាដូ និងថវិកាតិចតួច ជូនដល់ពួកគាត់ ។កន្លងមកនេះខ្ញុំក៏ធ្លាប់បានចែករំលែកសេចក្ដីស្រលាញ់នេះ ជូនដល់បងប្អូនក្មួយៗកុមារកំព្រា លោកពូ អ្នកមីង ជនពិការ និងកម្មវិធីសប្បុរសធម៌ផ្សេងៗ។

លើសពីនោះ កញ្ញា សុខ ពិសី បានផ្ញើសារទៅកាន់ប្អូនៗថា ទិវានៃក្ដីស្រលាញ់ គឺមិនមែនសំដៅទៅលើតែគូសង្សារ ឬស្វាមីភរិយាតែមួយមុខនោះទេ គឺយើងសំដៅទៅលើ​លោកឪពុកអ្នកម្ដាយ អ្នកមានគុណ ឬអ្នកជុំវិញខ្លួនរបស់យើង ។តែមិនមែនហាមឃាត់ប្រគល់សេចក្ដីស្រលាញ់ជូនដល់ដៃគូរបស់ខ្លួននោះទេ តែសុំកុំធ្វើអ្វីដែលខុសឆ្គង»។

ទន្ទឹមនឹងនោះលោកតា លោកយាយ ក៏បានសម្ដែងនូវទឹកចិត្ដរីករាយរំភើបស្រក់ទឹកភ្នែក ពេលបានឃើញតារាចម្រៀងដ៏ស្រស់សោភារូបនេះ មានទឹកចិត្ដសប្បុរស ជួយដល់មនុស្សចាស់ជរា ដូចជាពួកគាត់ ៕