(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ប្រជាពលរដ្ឋ ត្រូវរុះរើសំណង់គ្រប់ប្រភេទ ដែលបានសាងសង់រំលោភលើដីប្រឡាយអូរវែង ស្ថិតនៅក្នុងភូមិ៤ សង្កាត់ច្រាំងចំរេទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាជ្ញាធរត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រឡាយទឹក ផ្លូវថ្នល់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រៀបចំសោភណ្ឌភាពទីក្រុង និងបង្ការទប់ស្កាត់ការរំលោភយកដីប្រឡាយសាធារណៈរបស់រដ្ឋ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាប្រឡាយបេតុង ដោយធ្វើការបុកស៊ីផាយ និងស្ថាបនាផ្លូវស្របសងខាងប្រឡាយអូរវែង ជំហានទី១ ចាប់ពីចំណុចស្ពានទ្រីភាព ដល់ចំណុចស្ពាន ផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេទី១ នាពេលឆាប់ៗខាងមុខនេះ។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានឲ្យដឹងថា ការជូនដំណឹងក្នុងការហាមប្រាមដាច់ខាតមិនអនុញ្ញាតឲ្យធ្វើរបង ឬសាងសង់សំណង់ផ្សេងៗ រំលោភចូលដីសង្ខាងមាត់ប្រឡាយអូរវែង ពីសំណាក់ប្រជាពលរដ្ឋខាងលើនេះ បានអនុវត្តឡើងភ្លាមៗ ក្រោយពីរដ្ឋបាលខណ្ឌ យោងស្មារតីអង្គប្រជុំកន្លងទៅ ដោយទទួលបានការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំពីលោក ឃួង ស្រេង និងអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងគ្រោងធ្វើការបុកស៊ីផាយស្ថាបនាជាផ្លូវបេតុង អមសង្ខាងប្រឡាយ ក្នុងជំហ៊ានទី១ ដើម្បីចុះបញ្ជីបញ្ជូលជាសម្បត្តិរបស់រដ្ឋ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកអភិបាលខណ្ឌរូបនេះ បានបន្ថែមថា គម្រោងនេះមានប្រវែងរាប់ចាប់ពីគីឡូលេខ៩ ខាងមុខហ្គ្រេនភ្នំពេញ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយ រហូតមកទល់ខាងជើងចំណតរថយន្ដសុរិយា ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ដែលបានកំណត់យកទទឹង៨០ម៉ែត្រ៕