(ភ្នំពេញ)៖ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងពីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងបុរីរុងរឿងជាង១៩២គ្រួសារ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩​ តំណាងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា​ ពង់​ ឃាវសែ​ ដែលទទួលបានសិទ្ធិអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ បានបន្ដចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅទីនោះ។

ប្រជាពលរដ្ឋ១៩២គ្រួសារនេះ គឺពួកគាត់ជាអតីតអ្នករស់នៅក្នុងសហគមន៍ដីមាស និងសហគមន៍ស្វាយជួរ ដែលធ្លាប់រស់នៅក្នុងលំនៅឋានដ៏លំបាកវេទនា លិចទឹក គ្មានផ្លូវ គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងបន្គន់អនាម័យត្រឹមត្រូវ រួចបានផ្លាស់ប្តូរមកនៅអគារកម្ពស់៤ជាន់ ក្នុងបុរីរុងរឿងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ កាលពីអំឡុងខែមេសា ឆ្នាំ២០១៧។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនបានទទួលសិទ្ធិអនុញ្ញាតពីរាជរដ្ឋាភិបាល អភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ ហើយទល់នឹងពេលនេះ ដំណើរនៃគម្រោងនីមួយៗកំពុងតែបន្ដអភិវឌ្ឍរហូត បញ្ចប់ពីគម្រោងមួយ ទៅគម្រោងមួយទៀត។ ក្នុងការអភិវឌ្ឍនេះ ក៏មានផលប៉ះពាល់ខ្លះដែរ​ ទៅដល់ភូមិឋានរបស់ប្រជាពលរដ្ឋ ហើយយើងបានដោះស្រាយជូនគាត់តាមដំណាក់កាលនីមួយៗផងដែរ ឲ្យមានភាពល្អប្រសើរ ។

លោកបញ្ជាក់ថា «ជាក់ស្ដែងប្រជាងពលរដ្ឋ ដែលយើងបានដោះដូរផ្ទះពួកគាត់ពីផ្ទះខ្ទម លិចទឹក បាក់បែង ឲ្យមករស់នៅផ្ទះថ្ម ពិសេសក្រុមហ៊ុន OCIC មិនមែនបញ្ចប់ត្រឹមហ្នឹងនោះទេ សម្រាប់ភារកិច្ចរបស់ក្រុមហ៊ុន គឺត្រូវតាមដានមើលតម្រូវការ ទំនុកបម្រុងដល់ពួកគាត់បន្ថែមទៀត តាំងពីឆ្នាំ២០១៤ មកដល់បច្ចុប្បន្ននេះ និងទៅអនាគត។ លើសពីនោះ ក្រុមហ៊ុន ក៏បានចុះទៅសួរសុខទុក្ខគាត់ និងបានចែកជូននូវអំណោយដល់ពួកគាត់ ក៏ដូចជាមើលពីការងាររបស់ពួកគាត់ តើមានអ្វីសម្រាប់ ដែលយើងអាចបំពេញជូនគាត់»

ជាងនោះទៀត ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីរុងរឿង គឺមានជាង១០០នាក់ បានបម្រើការងារជាមួយក្រុមហ៊ុន OCIC ហើយមួយចំនួនទៀតបាន​ធ្វើការក្បែរៗនឹង រួមទាំងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដែលធ្លាប់តែ រកមុខរបរ បេះត្រកួន ព្រលិត រាវខ្យង លៀសជាដើម បានប្រែមកជាអ្នកលក់ដូរ ហើយមានជីវភាពធូរធារផងដែរ ។​ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន OCIC នៅតែបន្ដជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់បន្ថែមទៀត ឲ្យកាន់តែប្រសើរ តាមមធ្យោបាយផ្សេងៗ ដោយយើងបានរៀបចំជូនពួកគាត់ ។

លោកថ្លែងបន្ដថា «ក្រៅពីនោះ បងប្អូនយើងមួយចំនួនទៀត ដែលក្រុមហ៊ុនបានដោះស្រាយជូនពួកគាត់តាមរយៈលក់ដីធ្លីចាកចេញពីគម្រោងជ្រោយចង្វារ និងពលរដ្ឋព្រមទទួលគោលការណ៍១០% ពីក្រុមហ៊ុន ក៏យើងនៅតែបន្ដតាមដានសួរសុខទុក្ខរបស់គាត់ ដើម្បីដឹងពីស្ថានភាពរស់នៅ ដើម្បីជួយបំពេញតំរូវការរបស់ពួកគាត់ផងដែរ។ ជាក់ស្ដែងនៅថ្ងៃនេះ យើងក៏បានជួបជុំបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ និងចុះសួរសុខពួកគាត់ ដើម្បីបន្ដស្វែងយល់ពីអ្វីដែលតំរូវការរបស់ពួកគាត់បន្ដទៅទៀត ហើយយើងនឹងបំពេញជូនពួកគាត់ទៅតាមសំណូមពរ»

ក្នុងឱកាសនោះ ផងដែរ ប្រជាពលរដ្ឋដែលនៅរស់នៅទីនោះ បានបញ្ចេញនូវទឹកមុខរីករាយ និងស្នាមញញឹមគ្រប់គ្នា ចំពោះសមិទ្ធផលជាច្រើនដែលបានអភិវឌ្ឍ ដែលពួកគាត់ទទួលបាននៅពេលនេះ និងបានលើកដៃសំពះ បួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយថែរក្សាដល់ អ្នកឧកញ៉ា ពង់ ឃាវសែ និងក្រុមគ្រួសារ មានសុខភាពល្អ អាយុយឺនយូរ និងទទួលជ័យជម្នះគ្រប់ភារកិច្ច។

ទន្ទឹមនឹងនោះ អ្នកស្រី វ៉ា នាង ជាអ្នកធ្លាប់រស់នៅសហគមន៍ដីមាស ឬសហគមន៍សំបុកចាបនោះ បានលើកឡើងថា «ខ្ញុំសូមអរគុណដល់លោក ពង់ ឃាវសែ គាត់បានដោះដូរផ្ទះឲ្យខ្ញុំមករស់នៅផ្ទះក្នុងបុរីរុងរឿងនេះវិញ ខ្ញុំសប្បាយចិត្ដណាស់ ព្រោះឃើញថាការអភិវឌ្ឍនរបស់ពិតជាល្អមែន ពិសេសជួយខ្ញុំពេលដែលខ្ញុំខ្វះខាត គាត់ជួយរហូត ហើយបើក្នុងរដូវបុណ្យទានវិញ គាត់ឲ្យអំណោយខ្ញុំរាល់ឆ្នាំ ក្នុងមួយឆ្នាំ៣ដង ក្នុងពិធីបុណ្យផ្សេង។ ជាងនេះទៅទៀត កូនខ្ញុំក៏បានធ្វើការងារនៅក្រុមហ៊ុននេះដែរ។ សម្រាប់ការរស់នៅវិញ គឺមានភាពងាយសួលណាស់ ប្រព័ន្ធទឹក លូ មិនដែលស្ទះទេ មានទឹកស្អាតបើប្រាស់ ពិសេស ពេលមានបញ្ហាមួយចំនួន ក្រុមហ៊ុនតែងតែជួយ យ៉ាងរហ័សទាន់ចិត្ដបំផុត ទោះថវិកា ក៏ផ្ដល់ជូននូវឥណទាន ដោយឥតការប្រាក់ផងដែរ»

អ្នកស្រីបន្ដថា បើកពីមុនវិញ បើក្នុងខែភ្លៀងវិញ គឺលំបាក ព្រោះផ្ទះខ្ទមស្បូវតូច ចង្អៀត ងាយរងគ្រោះ ឬផ្ទះប្រកស័ង្គសី ភ្លៀងម្ដងៗលិចផ្ទះ ទឹកស្អុយចូលផ្ទះតែម្ដង គ្មានអគ្គីសនី ផ្លូវពិបាកធ្វើដំណើរ កូនចៅពិបាកទៅរៀនសូត្រ ប្រកបរកស៊ីចិញ្ចឹមជីវិតធ្វើជាកសិករ មានព្រឹកខ្វះល្ងាច៕