(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជានៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នឹងរៀបចំវេទិកាតុមូលស្តីពី «សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបលើការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននូវ EBA ពីកម្ពុជា»។

វេទិកានេះនឹងមានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗមកពីភាគីពាក់ព័ន្ធជាច្រើនរូបរួមមាន៖ លោក សុខ សុភក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, តំណាងសមាគមកាត់ដេរ GMAC, តំណាងមកពីសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM), លោកស្រី ព្រំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ រយៈពេលគិតចាប់ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាននៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ គឺមានរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។

ជុំវិញបញ្ហាខាងលើនេះ កំពុងមានការយល់ឃើញផ្សេងៗគ្នាក្នុងសាធរណៈមតិ។ ក្រុមមាននិន្នាការប្រឆាំងប្រឹងប្រែងបំប៉ោងថា បញ្ហា EBA នឹងនាំដល់គ្រោះថ្នាក់លើវិស័យពាណិជ្ជកម្មនៅកម្ពុជា តែភាគីរាជរដ្ឋាភិបាលបានអះអាងថា ខ្លួនបានត្រៀមលក្ខណៈជាមួយបញ្ហានេះរួចរាល់ហើយមិនបង្កផលប៉ះពាល់ការធ្វើពាណិជ្ជកម្មនោះឡើយ។

វេទិកាតុមូលដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានៅរសៀលនេះ នឹងធ្វើការបកស្រាយវែកញែកទៅលើបញ្ហាពាក់ព័ន្ធ ក៏ដូចជាបញ្ហាប្រឈមនានាជុំវិញការព្យួរបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី EBA។

ទូរទស្សន៍ព័ត៌មាន Fresh News នឹងផ្សាយផ្ទាល់នូវវេទិកាតុមូលនេះ។ សូមទូរទស្សនិកជនរង់ចាំទស្សនាការផ្សាយផ្ទាល់នេះដោយមេត្រីភាព៕