(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានបុរសស្រ្តីចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្ស២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរទីតាំងផ្សេង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលស្ថិតនៅស្រុកស្រុកបាកាន និងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក​ខេត្ត បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ​ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១ ស្ថិតក្នុងភូមិបឹងខ្នារ​ ឃុំបឹងខ្នារ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A-0285 បើកបរដោយឈ្មោះ ស៊ុន សុផាត អាយុ៣១ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានកៀរម៉ូតូម៉ាក Wav ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1S-0416 បើកបរដោយឈ្មោះ ម៉ៅ គ្រឿម អាយុ៥៨ឆ្នាំ រស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោង ខេត្តបាត់ដំបង និងអ្នករួមដំណើរជិះពីក្រោយឈ្មោះ ទូច សៀប ភេទស្រី អាយុ៥០ឆ្នាំ រស់នៅជាមួយគ្នា បណ្តាលឱ្យដួលហើយខ្ទាតឈ្មោះ ទូច សៀប ចូលទៅក្រោមកង់រថយន្តកិនធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុ។

ដោយឡែកនៅឯស្រុកវាលវែង ឯនោះវិញ​ នៅរសៀលថ្ងៃដដែល​ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៥១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែរ ដោយរថយន្តដឹកស៊ីម៉ង់ត៍១គ្រឿងម៉ាក ហ៊ីណូ ពណ៏បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3083 បើកបរដោយឈ្មោះ គឹម អៀង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងព្រូឈ្មោះ គឹម សុខ អាយុ៤៩ឆ្នាំ ត្រូវជាឪពុក បានធ្វើដំណើរ ក្នុងទិសដៅពីជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ (ចុះចំណោទភ្នំ) ធ្វើឱ្យច្រាលលេខ (ដាក់មិនចូល) ក៏រេចង្កូតក្រឡាប់ផ្ងារជើងបណ្ដាល ឱ្យអ្នកបើកបរស្លាប់ភ្លាមៗកៀបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកព្រូជាឪពុកវាចេញដោយខ្លួនឯង (របួសស្រាល)។

ប្រភពព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២លើក ខាងលើបន្តថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្ដាល ឱ្យមានមនុស្សរងរបួស និងស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់នេះ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រណី រីឯវត្ថុតាង​ កម្លាំងជំនាញកំពុងមមាញឹកស្ទូចមករក្សាទុក​ ដើម្បីបន្តនីតិវិធី៕