(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា នៅតែបន្ដខ្នះខ្នែងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីចូលរួមចែករំលែកពីយុទ្ធសាស្រ្ដ នៃការជួញដូរភាគហ៊ុនដល់សាធារណជន ដើម្បីធ្វើយ៉ាងណាជំរុញវិស័យនេះ ឲ្យកាន់តែមានសក្ដានុពល និងខ្លាំងក្លាយបន្ថែមទៀត។

ជាក់ស្ដែងផ្សារមូលបត្រកម្ពុជា ក៏បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្រ្តជួញដូរភាគហ៊ុន ដើម្បីក្លាយជាវិនិយោគិនជោគជ័យ ក្នុងការប្រកួតប្រជែងជួញដូរភាគហ៊ុនលើកទី៣»។ សន្និសីទនេះធ្វើឡើង ដើម្បីចែករំលែកចំណេះដឹងនានាដល់អ្នកចូលរួម ដោយមានការចូលរួមពីលោក Jong Weon HA អគ្គនាយករងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រួមទាំងវាគ្មិនជោគជ័យជាច្រើន រូបផងដែរ។

ក្នុងសន្និសីទនោះអ្នកជំនាញជាច្រើនរូប បានរួមគ្នាចែករំលែកចំណេះដឹង និងសារៈប្រយោជន៍សំខាន់ៗ អំពីការជួញដូរភាគហ៊ុននៅកម្ពុជានេះ។

លោក HA Jong Weon បានលើកឡើងថា ការវិនិយោគទៅលើភាគហ៊ុនជាជម្រើសប្រសើរបំផុត ដោយទីផ្សារភាគហ៊ុនមានការគ្រប់គ្រងត្រឹមត្រូវ និងមានភាពអំណោយផលច្រើន ដល់វិនិយោគិនដូចជា៖ ការវិភាគមិនមានភាពស្មុគស្មាញ និងអាចវិនិយោគតាមលទ្ធភាពដែលខ្លួនមានជាដើម។

លោកបន្តថា «ដើម្បីទទួលជោគជ័យក្នុងទីផ្សារភាគហ៊ុន វិនិយោគិនគប្បីយល់ដឹងជាមុន លើស្ថានភាពអាជីវកម្ម និងការគ្រប់គ្រងរបស់ក្រុមហ៊ុន បន្ទាប់មកឈានជើងចូលក្នុងការវិនិយោគភាគហ៊ុន»

លោក ឡាក់ ហុង វាគ្មិនជាប់ជ័យលាភីទី៣ ក៏បានចូលរួមចែករំលែកពីបទពិសោធន៍ លើការជួញដូរភាគហ៊ុន។ លោកលើកឡើងថា ដើម្បីទទួលបានការជោគជ័យក្នុងការជួញដូរ ដាច់ខាតអ្នកទាំងអស់គ្នាត្រូវមានចំណុចសំខាន់ៗ៣យ៉ាងរួមមាន៖ ១,សក្ដានុពលរបស់ក្រុមហ៊ុន, ២, របាយការណ៍របស់ក្រុមហ៊ុន និងទី៣ តើអនាគតក្រុមហ៊ុនមានគម្រោងយ៉ាងដូចម្ដេច?

លោកបន្ថែមថា សម្រាប់៣ចំណុចទាំងនេះមានអត្ថន័យខុសៗគ្នារួមមាន សក្ដានុពលក្រុមហ៊ុនគឺ ផ្ដោតលើការចំណេញ ឬសេវាកម្ម ទី២​, របាយការណ៍ក្រុមហ៊ុនគឺ ផ្ដោតលើហិរញ្ញវត្ថុ ទ្រព្យសម្បត្តិពិតរបស់ក្រុមហ៊ុនមានចំនួនប៉ុន្មាន? និងទី៣ គឺការចំណូលចំណាយរបស់ក្រុមហ៊ុន។

ក្នុងនោះអ្នកស្រី សោម នី ជា វាគ្មិនជាប់ជ័យលាភីទី២ បានចែករំលែកផងដែរថា «ចំពោះខ្ញុំដែលបានទិញជួញដូរភាគហ៊ុននេះ ខ្ញុំមានបំណង៣យ៉ាងដូចជា៖ ១, ដើម្បីយល់ដឹងពីការជួញដូរភាគហ៊ុន និងការចំណេញលើវិស័យនេះ ២, ការទិញភាគហ៊ុនមិនមានការស្មុគស្មាញ និងទី៣ ភាពចូលរួមរបស់អ្នកទាំងអស់គ្នា និងក្លាយជាការចូលរួមមួយធ្វើឲ្យទីផ្សារហ៊ុនមានដំណើរល្អ»

លោក ទៀង ឆ្នើម ម្ចាស់ជ័យលាភីលេខ១ បានបន្ថែមដែរថា «អ្នកណាក៏អាចជួញដូរភាគហ៊ុនបានដែរ ហើយការជួញដូរនេះត្រូវតម្រូវឲ្យអ្នកជួញដូរ ត្រូវស្វែងយល់អំពីតម្លៃដែលភាគហ៊ុនប្រែប្រួល និងពេលវេលាព្រោះថា ភាគហ៊ុនទាំងអស់មិនអាចមានការឡើងរហូតនោះទេ ដូចនេះទើបតម្រូវឲ្យតាមដានឲ្យជាប់ និងសិក្សាពីភាគហ៊ុននៅពេលដែលឡើង និងនៅពេលចុះឲ្យបានច្រើនផងដែរ»