(សៀមរាប)៖ ដើម្បីលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរ និងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការ ICC-Angkor អាជ្ញាធរជាតិអប្សរា កំពុងឆ្លាក់ផ្ទាំងឈ្មោះប្រាសាទដែលមានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស ធ្វើពីថ្មភក់ ១១៨ផ្ទាំង ហើយគ្រោងនឹងលើកដាក់តាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្នុងពេលឆាប់ៗខាងមុខនេះ។

ផ្ទាំងស្លាកឈ្មោះប្រាសាទនេះ បង្ហាញជូននូវព័ត៌មានសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងប្រាសាទ ដូចជា ឈ្មោះប្រាសាទ អាយុកាលសាងសង់ប្រាសាទ ទិសច្រកចូលប្រាសាទ និងអមដោយស្លាកសញ្ញា (Logo) ចំនួន៤គឺ ស្លាកសញ្ញាអាជ្ញាធរជាតិអប្សរា នៅចំកណ្តាលខាងលើឈ្មោះប្រាសាទ និងស្លាកសញ្ញា៣ផ្សេងទៀតដែលនៅខាងក្រោម គឺ ស្លាកសញ្ញាយូណេស្កូ ស្លាកសញ្ញាបេតិកភណ្ឌពិភពលោក និងស្លាកសញ្ញាអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។

ផ្ទាំងស្លាកសញ្ញាឈ្មោះប្រាសាទនេះមាន៣ទំហំផ្សេងគ្នា ដោយគិតទៅតាមទីតាំងជាក់ស្តែងនៃច្រកចូលប្រាសាទ ដែលដំឡើងបាន គឺទំហំធំចំនួន ១៦ផ្ទាំង កម្ពស់ ១៥០០មម x បណ្ដោយ ៩១៤មម x កម្រា ស់៤៦៤មម។ ទំហំមធ្យមចំនួន ៥២ផ្ទាំង កម្ពស់ ១,២០០មម x បណ្ដោយ ៧៣១មម x កម្រាស់ ៣៧១មម។ ទំហំតូចចំនួន ៥០ផ្ទាំង កម្ពស់ ១,០០០មម x បណ្ដោយ ៦១៣មម x កម្រាស់ ៣១១មម។

ក្នុងដំណើរចុះពិនិត្យការដ្ឋានធ្វើស្លាកសញ្ញានៅ Artisans Angkor នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបញ្ជាក់ថា មកដល់ពេលនេះផ្ទាំងស្លាកឈ្មោះរបស់ប្រាសាទដែលបានធ្វើរួចរាល់ហើយមានចំនួនប្រហែល ២៥% នៃចំនួនផ្ទាំងសរុប ខណៈដែលផ្ទាំងខ្លះទៀតកំពុងស្ថិតនៅក្នុងការឆ្លាក់អក្សរ លាបពណ៌បេតិកភណ្ឌ (ពណ៌ឈាមជ្រូក) និងខ្លះទៀតកំពុងឆ្លាក់ក្បាច់លម្អ។

លោកបន្ថែមថា ចំនួនផ្ទាំងនេះគឺមិនបានដំឡើងគ្រប់ប្រាសាទទាំងអស់ក្នុងតំបន់រមណីយដ្ឋានអង្គរឡើយ ដោយហេតុថា ប្រាសាទខ្លះនៅជ្រៅក្នុងព្រៃមិនមានទីតាំងដាក់បាន។ ចំពោះទីតាំងដែលតម្លើងស្លាកឈ្មោះប្រាសាទនេះ ក្រុមការងារបានគិតទៅចំណុច៣ គឺ នៅក្បែរច្រកចូលទស្សនាប្រាសាទ ទីតាំងងាយមើលឃើញរបស់ភ្ញៀវទេសចរ និងទីតាំងដែលមិនប៉ះពាល់ដល់ទិដ្ឋភាពប្រាសាទទាំងមូល។

អាជ្ញាធរជាតិអប្សរា សង្ឃឹមថា សមិទ្ធផលនេះនឹងជួយផ្ដល់ភាពងាយស្រួល និងបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរ ក្នុងការទស្សនាតំបន់អង្គរ ឆ្លើយតបតាមតម្រូវការចាំបាច់របស់ភ្ញៀវទេសចរ លើកតម្លៃប្រាសាទ និងកិត្យានុភាពជាតិ និងទទួលបាននូវព័ត៌មានមួយចំនួនដែលធ្វើឲ្យដំណើរកម្សាន្ត កាន់តែមានភាពងាយស្រួល និងច្បាស់លាស់បន្ថែមទៀត៕