(រតនគីរី)៖ លោក ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា (គណៈកម្មការ​អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា) បាន​លើកឡើងថា ឱសថដ៏មានប្រសិទ្ធភាព ក្នុងការព្យាលជំងឺពុករលួយ គឺការអនុវត្តឲ្យបានអភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក ព្យាបាល និងវះកាត់ តាមរយៈការអប់រំ បង្ការ ទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់។ លោកបានបន្ថែមថា អ្វីដែលពិសេស គឺត្រូវអប់រំ ដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ​ បង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្រ្កាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ។

ការលើកឡើងរប​ស់លោក ម៉ម​ ប៊ុននាង​ បានធ្វើឡើងខណៈ​លោកអញ្ជើញដឹកនាំ គណៈប្រតិភូគណៈកម្មការ​អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០ នៃព្រឹទ្ធសភា)​ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី ដឹកនាំដោយលោក​ គិត​ ទ្រី អភិបាលរងខេត្តរតនគិរី ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ​ ការអនុវត្តកំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ​ ការអភិវឌ្ឍមូលដ្ឋាន​ និងបញ្ហាប្រឈមនានា​ នៅសាលប្រជុំសាលាខេត្តរតនគិរី នាថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០១៩។

ក្នុងពិធីជួបពិភាក្សាការងារ​នេះ លោក​ គិត​ ទ្រី បាន​ជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅរបស់ខេត្តរតនគិរី សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងវឌ្ឍនភាព​ នៃការអនុវត្តន៍ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍមូលដ្ឋាន នៅក្នុងខេត្ត។

ក្នុងឱកាសនោះលោក ម៉ម​ ប៊ុននាង​ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត និងអំពាវនាវដល់អាជ្ញាធរខេត្តត្រូវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពីព្រោះអំពើពុករលួយ គឺជាជំងឺដ៏សាហាវមួយដែលធ្វើឲ្យសុខភាពសាធារណៈចុះអន់ថយ បើមិនប្រញាប់ព្យាបាលនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្ត សមិទ្ធផលទាំងឡាយដែលខិតខំកសាងនាពេលកន្លងមក នឹងក្លាយជាអសារបង់ ។

បន្ទាប់ពីជួបពិភាក្សាជាមួយអាជ្ញាធរខេត្តរួចមក​ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា​ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក​ កង​ សារឿន​ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ​ ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងបញ្ហាប្រឈមនានា​ នៅសាលប្រជុំ​ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ​ ឃុំប៉ក់ញ៉ៃ​ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី​។ បន្ទាប់ពីជួបពិភាក្សារួចមកគណៈប្រតិភូ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពបង្គោល​ និងច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដែលមានព្រំប្រទល់ជាប់គ្នារវាងប្រទេសកម្ពុជា​ និងប្រទេសវៀតណាម។

​ជាមួយគ្នានោះដែរ​ គណៈប្រតិភូ​បានអញ្ជើញចុះជួបសំណេះសំណាល​ និងសួរសុខទុក្ខគ្រូពេទ្យ​ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ​ នៅមណ្ឌលសុខភាពសោមធំ​ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ​ ស្រុកអូរយ៉ាដាវ​ ខេត្តរតនគិរី។ ក្នុងឱកាស​នោះ​ លោក ម៉ម​ ប៊ុននាង​ បានផ្តល់ថវិកាមកជូនគ្រូពេទ្យចំនួន​៣ នាក់​ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលចំនួន​ ២​ នាក់​ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល​ ដែលចំណាយថវិកាសរុប​ ៥០​ ម៉ឺនរៀល។

ក្រៅពីនេះ ​គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា​ បានអញ្ជើញចុះទស្សនកិច្ចក្រុមហ៊ុន​ ជា​ ទូច​ ត្រេឌីង​ និងក្រុមហ៊ុន​ ហ័ង​ អញ្ញ​ អណ្តូង​ មាស ស្ថិតក្នុងខេត្តរតនគិរី ព្រមទាំងទស្សនកិច្ច ស្ថានីយវារីអគ្គិសនីសេសានក្រោម២​ នៅឃុំភ្លុក ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​៕