(ភ្នំពេញ)៖ ទោះបីជាមានការយកពន្ធអង្ករ និងការចាប់ផ្តើមដំណើរការនីតិវិធីដើម្បីឈានទៅរកការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ (EBA)» ក៏ច្បាប់ពាណិជកម្មអន្តរជាតិមិនអនុញ្ញាតឱ្យសហភាពអឺរ៉ុបបិទទីផ្សារ មិនឱ្យនាំចូលទំនិញពីកម្ពុជាបានឡើយ។ នេះតាមការបញ្ជាក់របស់ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ឆ្លើយតបនឹងសំណួរ Fresh News នៅក្នុង​វេទិកាតុមូលមួយដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នារសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «គាត់ (អឺរ៉ុប) ធ្វើអង្ករមុន បន្ទាប់មកទើបគាត់ធ្វើ EBA ប៉ុន្តែទីផ្សារគឺគេអត់បិទទេ ទោះបីជាគាត់ចង់បិទ ក៏បិទអត់បាន ព្រោះច្បាប់ពាណិជ្ជកម្មអន្តរជាតិ មិនអាចឱ្យអ្នកឯង បិទទីផ្សាររបស់គេបានទេ»

បន្ទាប់ពីប្រកាសយកពន្ធអង្ករដែលនាំចូលពីប្រទេសកម្ពុជា, គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏បានប្រកាសចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន ចំពោះប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញ លើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជាថែមទៀត។

ការសម្រេចចាប់ផ្តើមនីតិវិធីនេះ ធ្វើឡើងបន្ទាប់ពីអឺរ៉ុប បានចោទប្រកាន់លើរាជរដ្ឋាភិបាល​កម្ពុជាពាក់ព័ន្ធនឹងការគោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​សហជីព ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។ ការចូលជាធរមាន នៃការដក EBA អាចនឹងធ្វើឡើងនៅក្នុងរយៈពេល១៨ខែក្រោយ ពោលគឺ EBA នេះអាចដកចេញពីកម្ពុជា នៅពាក់កណ្តាលឆ្នាំ២០២០។ តែទោះជាយ៉ាងនេះក្តី សហភាពអឺរ៉ុប ក៏បានទុកពេលវេលា ០៦ខែ ដើម្បីចរចាជាមួយរដ្ឋាភិបាលកម្ពុជា ផងដែរ។

បន្ទាប់ពីមានការប្រកាសបែបនោះ បណ្តាញសង្គម Facebook និងប្រជាពលរដ្ឋមួយចំនួន មានការងឿងឆ្ងល់ថា តើសហភាពអឺរ៉ុប អាចនឹងបិទទីផ្សារទំនិញដែលនាំចូលពីប្រទេសកម្ពុជា ឬយ៉ាងណា?

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការបិទទីផ្សារមិនអាចធ្វើឡើង ដូចជំនាន់មុនបានឡើយ ហើយកម្ពុជាក៏មិនបានធ្វើខុសនឹងច្បាប់អន្តរជាតិដែរ។

លោកបានបញ្ជាក់ថា «ធ្វើដូចជំនាន់ដើមគឺអត់បានទេ ព្រោះយើងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ហេតុអ្វីក៏បិទអត់បាន ព្រោះយើងអត់បានធ្វើខុសនឹងច្បាប់ UN យើងអត់បានធ្វើពហិកម្ម យើងអត់បានធ្វើនុយក្លេអ៊ែ យើងអត់បានធ្វើអ្វីដែលប៉ះពាល់ ដល់សន្តិសុខអន្តរជាតិ»

កម្ពុជាចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីឆ្នាំ២០០៣ ដែលធ្វើឱ្យកម្ពុជា អាចនាំទំនិញទៅកាន់ប្រទេសនានា ដែលជាសមាជិក WTO នៅលើពិភពលោក៕