(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានចាប់ខ្លួនជនសង្ស័យ១០នាក់ជាបន្ដបន្ទាប់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះធ្វើឡើង នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញ នៅចំណុចភ្នំបាសិត ស្ថិតក្នុងភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ដោយកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកស្ទឹងត្រង់ និងស្រុកចំការលេី បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់។

លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ផុន រិទ្ធី អាយុ៣៣ឆ្នាំ មុខសញ្ញាសេសសល់ក្នុងសំណុំរឿង និងមានដីកាបង្គាប់ឲ្ហនាំខ្លួនចំនួន០២ដីកា, ទី២៖ឈ្មោះ ហាក់ គ្រីយ៉ា អាយុ៣៥ឆ្នាំ, ទី៣៖ឈ្មោះ ខឿន ធារ៉ា អាយុ៣២ឆ្នាំ, ទី៤៖ឈ្មោះ យ៉េង គីងយ៉ុន អាយុ១៧ឆ្នាំ, ទី៥៖ឈ្មោះ ធឿន វុទ្ធី អាយុ១៦ឆ្នាំ, ទី៦៖ឈ្មោះ រ៉េត និត អាយុ១៧ឆ្នាំ, ទី៧៖ឈ្មោះ អាត គឹមហាក់ អាយុ៣១ឆ្នាំ, ទី៨៖ឈ្មោះ ម៉េន សុខា អាយុ២៥ឆ្នាំ, ទី៩៖ឈ្មោះ អេង ជាតិ អាយុ២៨ឆ្នាំ និងទី១០៖ឈ្មោះ​ ខៀវ សុថារី អាយុ២៥ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន២៩កញ្ចប់ (ធំ០៧កញ្ចប់ និងតូច២២កញ្ចប់), ទូរស័ព្ទ១០គ្រឿង និងម៉ូតូ០៦គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕