(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ឱ្យដឹងថា អាកាសធាតុនៅលើផ្ទៃ ប្រទេសកម្ពុជានឹងមានការកើនកំដៅ ដែលអាចមានផលប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិត ដោយសារបញ្ហាជំងឺបេះដូង និងសូត និងអាចមានជំងឺឆ្លងផ្សេងៗដូចជា៖ ជំងឺរាក ឬជំងឺកង្វះចំណីអាហារផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ក្រសួងសុខាភិបាល បានបន្ថែមទៀតថា ដោយសារភាពរាំងស្ងួតមិនអាចដាំដុះបាន ហើយក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តពិសេសជំងឺតានតឹងក្នុង
អារម្មណ៍ (ស្ដេស) តប់ប្រមល់ដែលបង្កឡើងដោយអាកាសធាតុក្តៅខ្លាំងពេក និងមានរលាកស្បែកឡើងក្រហម។ល។

ជាមួយគ្នានេះដែរលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា គ្រប់ៗគ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ លើបញ្ហាសុខភាព នៅពេលដែលអាកាសធាតុឡើងក្តៅខ្លាំង ជាពិសេសកុមារ និងជនចាស់ជរា សំខាន់ត្រូវប្រយ័ត្នពីបញ្ហាប៉ះពាល់ ដល់សរសៃឈាមក្នុងខួរក្បាល ដែលអាចឱ្យពិការ ឬបាត់បង់ជីវិត។ ដូច្នេះ សូមប្រជាពលរដ្ឋអនុវត្តវិធីការពារ ជាពិសេសត្រូវពិសាទឹក ឬទឹកដែលមានជាតិរ៉ែ ឱ្យបានញឹកញាប់ ស្ថិតនៅក្រោមម្លប់ ឬទីកន្លែងត្រជាក់ ជៀសវាងនៅក្រោមកំដៅថ្ងៃយូរពេក។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបន្ថែមយ់ាងដូច្នេះថា៖ «ខ្ញុំសូមឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នលើបញ្ហាជំងឺរាករូស និងជំងឺឆ្លង
ដែលអាចបណ្តាលមកពីការបរិភោគទឹក ឬអាហាវមិនមានអនាម័យល្អ ដូច្នេះសូមពិសានិងប្រើប្រាស់ទឹកស្អាត ឬទឹកឆ្អិន និង
អនុវត្តនូវរនាម័យចំណីអាហារ និងអាហារមានសុវត្ថិភាព»

ប្រសិនបើលោកឬកមានបញ្ហាសុខភាពដែលបណ្តាលឱ្យមានរាក ក្អួត ក្តៅខ្លួន និងសន្លប់សូមស្វែងរកការព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។ ក្រសួងសុខាភិបាលសូមលើកទឹកចិត្ត ឱ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាជួបនូវសុខភាពល្អ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំឃាំងដល់សាធារណជន អំពីការវិវត្តនៃបញ្ហាសុខភាពតាមគេហទំព័ររបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcc.gov.kh  និងហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។ សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទ ទាន់ហេតុការណ៍ដោយឥតគិតថ្លៃ១១៥ ទោះគ្មានថវិកាក្នុងទូរស័ព្ទ របស់អ្នកក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ទំនងក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់៖ ០១២ ៨២៥ ៤២៤៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលខ្លឹមសារទាំងស្រុងដូចខាងក្រោម៖