(មណ្ឌលគិរី)៖ តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា,​ លោក ថង សាវុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រួមជាមួយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ ស.ស.យ.ក ខេត្តមណ្ឌលគិរី ​និងផ្សព្វផ្សាយលទ្ធផលមហាសន្និបាត ស.ស.យ.ក តំណាងទូទាំងប្រទេសលើកទី៤។

ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនៃថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តមណ្ឌលគិរីទាំងមូល ដែលបានលះបង់ទាំងកម្លាំង​កាយ ចិត្ត​ក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួល​ខុសត្រូវខ្ពស់ ព្រមទាំងទទួលបានលទ្ធផលយ៉ាងផ្កែផ្កាគួរជាទីមោទនៈ។

ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាព នៃបេសកកម្មរបស់ស.ស.យ.ក ខេត្ត ជាពិសេសស្របតាមស្មារតី នៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត តំណាងទូទាំងប្រទេស​លើកទី៤ លោក ថង សាវុន ក្នុងនាមគណៈកម្មាធិការកណ្តាល ​បានរំលឹកបន្ថែមពីមតិផ្តាំផ្ញើ​​នៃភារកិច្ចធំៗពីរ ក្នុងសុន្ទរកថាបើកមហាសន្និបាតលើកទី៤ របស់​សម្តេចវិបុលសេនាភក្តី សាយ ឈុំ។

ក្នុងនោះទី១៖ ចូលរួមឲ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ ឲ្យក្លាយជាប្រទេសរីកចម្រើនក្នុងតំបន់ ជាសង្គមប្រកបដោយអារ្យធម៌ និងសេចក្តីស្រលាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីតកាលទៀតឡើយ, ទី​២៖សមាជិក សមាជិកា ស.ស.យ.ក ម្នាក់ៗត្រូវខិតខំរៀនសូត្រលត់ដំខ្លួន ក្នុងចលនារបស់ប្រជាជនមហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អ នាពេលអនាគត ដែលមានស្មារតី ស្នេហាជាតិ បរិសុទ្ធ មានសមត្ថភាព មានគុណភាព និងឆន្ទៈមោះ​មុត ក្នុងការថែរក្សាឯករាជ្យភាព អធិប​តេយ្យភាព បូរណភាពដែនដី ឲ្យបានរឹងមាំ ក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។

លោក ថង សាវុន ក៏បានជំរុញឲ្យយុវជនត្រូវ​អនុវត្តនូវប្រសាសន៍ដ៏មានអត្ថន័យ និងស៊ីជម្រៅរបស់សម្តេច​តេជោ ហ៊ុន សែន ក៏ក្នុងនោះ​ស.ស.យ.ក ត្រូវចូលរួមក្តាប់ឲ្យជាប់នូវសន្តិភាព ស្ថិរភាព និងចូលរួមចំណែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមឈានទៅរកការសម្រេចឲ្យបាន នូវគោលដៅរួមរបស់កម្ពុជា គឺជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីលើនេះ លោកបានផ្តល់អនុសាសន៍ អាទិភាពមួយចំនួន ដល់ថ្នាក់​ដឹកនាំគណៈកម្មាធិការខេត្តទាំងមូលឲ្យបន្តយកទុកចិត្តទុកដាក់​​ចំណុចសំខាន់ៗ រួមមាន៖

*​បន្តរៀបចំ និងអនុវត្តផែនការសកម្មភាព​ស.ស.យ.ក. ខេត្ត ដោយមានការតាមដានជាប្រចាំ​ទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងរបស់ខេត្ត ធ្វើយ៉ាងណាឲ្យស្របទៅតាម​ផែនការយុទ្ធសាស្ត្រស.ស.យ.ក «ចលនាយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០១៨- ២០២៣» ដែលជាទិសដៅការងារ​ស.ស.យ.ក. សម្រាប់អាណត្តិថ្មី ដែលទទួលបានការអនុម័តពីមហា​សន្និបាតលើកទី៤ ដោយមានការផ្សារភ្ជាប់ជាប្រចាំជាមួយលេខាធិការដ្ឋាន ស.ស.យ.ក ថ្នាក់កណ្តាល ដើម្បីធានានូវសង្គតិភាពការងារជារួមរបស់ស្ថាប័ន​។

*​បន្តជំរុញ និងលើកទឹកចិត្តឲ្យមានការរៀបចំ «វគ្គបំប៉នថ្នាក់ទី​​១២» ឲ្យបានផុសផុល និងកាន់តែទូលំទូលាយ​ដើម្បីផ្ដល់ឱកាសដល់ប្អូនៗសិស្សានុ​សិស្ស ដែលកំពុងត្រៀមខ្លួនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នាពេលខាងមុខនេះ អាចទទួលបានជោគជ័យជាមួយបរិមាណច្រើន ប្រកបដោយគុណភាពពិតប្រាកដ ក្នុងគោលបំណងចូលរួមកសាងធនធានយុវជនបន្តវេន ដែលជាសសរទ្រូងដ៏រឹងមាំសម្រាប់កម្ពុជានាពេលអនាគត។

*​បន្តពង្រឹងនូវរចនាសម្ព័ន្ធរបស់ខ្លួន និងរបៀបរបបការងារ ជាពិសេស​ការរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន និងខិតខំពង្រឹង និងពង្រីកនូវរចនាសម្ព័ន្ធបន្ថែមទៀត នៅតាមមូលដ្ឋាន និងស្ថាប័នជុំវិញខេត្តផ្សេងៗទៀត។ បន្ថែមពីលើនោះ គណៈកម្មាធិការខេត្តត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងនូវអត្តសញ្ញាណ ស.ស. យ.ក ជារួ​មដែលតាមរយៈកិច្ចប្រជុំគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០១៦ នាពេលកន្លងមក បានសម្រេចជ្រើសរើសយកពាក្យ​ស.ស.យ.ក ជឿជាក់លើកម្ពុជា ជាពាក្យស្លោករបស់ខ្លួន។

*​​ការពង្រឹង និងពង្រីកនូវសមាជិក ស.ស.យ.ក ឲ្យបានទាំងបរិមាណ និងគុណភាព។ ក្នុងន័យនេះ ត្រូវខិតខំយកចិត្តទុកដាក់ពន្យល់ណែនាំឲ្យយុវជន និងសមាជិក សមាជិកា ទាំងអស់យល់ពីបុព្វហេតុរួមរបស់ ស.ស.យ.ក គុណតម្លៃ នៃសកម្មភាពនីមួយៗ របស់យើងដែលបានធ្វើកន្លងមក។ ដូចគ្នានេះ គប្បីពន្យល់ណែនាំសមាជិក សមាជិកា និងយុវជនទូទៅឲ្យយល់ដឹងពីមូលហេតុ ឬគុណតម្លៃនៃសកម្មភាព ដែលគណៈកម្មាធិការ ស.ស.យ.​ក ខេត្តខ្លួនឯងរៀបចំឡើង ឬសកម្មភាពដែលយើងចូលរួមធ្វើជាមួយស្ថាប័នដទៃ ឬសកម្មភាពនានារបស់ ស.ស.យ.ក ថ្នាក់កណ្តាល៕