(ភ្នំពេញ)៖ ភិក្ខុ ង៉ែត រ៉ាល់ ត្រូវបានតែងតាំងជាផ្លូវការ ជាព្រះចៅអធិការវត្តច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជំនួសអន្ទិត​ ហោ សុខុន ត្រូវបានបញ្ចប់តួនាទីព្រះចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ និងសង្ឃនាយក កាលពីពេលកន្លងទៅ។

ពិធីនេះ ត្រូវបានធ្វើឡើងដោយ​ក្រោមអធិបតីភាព សម្ដេចសង្ឃនាយក សម្ដេច នន្ទ ង៉ែត និងមេគណៈរាជធានីភ្នំពេញ សម្ដេច ឃឹម សន មានការនិមន្ដ-ចូលរួមពីព្រះសង្ឃ តាជី យាយជី ពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

​ក្នុងពិធីនៅព្រឹកមិញនេះ ក្រៅពីភិក្ខុ ង៉ែត រ៉ាល់ ដែលត្រូវបានតែងតាំងជា ចៅអធិការវត្តច្បារអំពៅនោះ, ភិក្ខុ ហាស់ សុជាតិ ត្រូវបានតែងតាំងជា គ្រូសូត្រស្ដាំ និងមួយអង្គទៀតជាគ្រូសូត្រឆ្វេង ព្រមទាំង៥អង្គផ្សេងទៀត តែងតាំងជា​គណៈវិន័យ និងលេខា។

សូមរំលឹកថា ព្រះតេជគុណ ហោ សុខុន ត្រូវបានគណៈសង្ឃសម្រេចផ្សឹកនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ នេះនៅវត្តបុទុមវតី បន្ទាប់ពីបានផ្សឹកហើយនោះ លោក ហោ សុខុន ក៏ត្រូវបានបញ្ចប់តួនាទីជាចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ទេព វង្ស និងសង្ឃនាយក នន្ទ ង៉ែត ផងដែរ។

ការសម្រេចបញ្ចប់តួនាទីនេះ បានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩​ ដោយមានការចុះព្រះហស្ថលេខា និងហត្ថលេខាដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចសង្ឃនាយក នន្ទ ង៉ែត រួមនិងលោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕