(ភ្នំពេញ)៖ លោក អប រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រូចពោធិ៍សាត់គ្រោងយកទៅចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំ​និញ នៅពេលឆាប់ៗនេះ ដើម្បីការពារផលប្រយោជន៍អ្នកផលិត និងជួយលើកកម្ពស់ជីវភាព​ផលិតករឲ្យកាន់តែមានភាព​ល្អប្រសើរ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានឲ្យដឹងបន្តថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដដល់ក្រូចពោធិ៍សាត់នេះ ដើម្បីជួយទប់ស្កាត់ក្នុងការក្លែងបន្លំប្រភពដើម និងជួយលើកកម្ពស់ជីវភាពដល់ផលិតករម្ចាស់​ប្រភពទំនិញ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅផ្សាក្រៅប្រទេស ដោយសារប្រទេសមួយចំនួន​តម្រូវ​ឲ្យទំនិញ​មានម៉ាកសម្គាល់ភូមិសាស្ត្រនេះ។

លោក អេប រ៉ាឌី បានបន្តទៀតថា មន្ត្រីក្រសួងពាណិជ្ជកម្មបានចុះទៅបើកសិក្ខាសិលា ផ្សព្វផ្សាយម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ​អំពីក្រូចពោធិ៍សាត់-​បាត់​ដំបង ដល់​ភាគីពាក់ព័ន្ធ ដើម្បីសិក្សាមុននឹងយកទៅចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្តទំនិញនាពេលអនាគត ដើម្បី​ជួយបង្កើនត​ម្លៃបន្ថែមមួយកម្រិតទៀតដល់ផលិតករ ខណៈបច្ចុប្បន្ននេះក្រូចពោធិ៍សាត់-បាត់ដំបង មានតម្លៃចន្លោះពី ២ម៉ឺន ទៅ៤ម៉ឺនរៀល ក្នុងមួយផ្លូន។

ប្រធាននាយកដ្ឋានរូបនេះ អះអាងទៀតថា ក្រៅពីក្រូចពោធិ៍សាត់-បាត់ដំបង ក្រសួងពាណិជ្ជកម្មក៏បានកត់សម្គាល់ផងដែរនូវផលិតផលកសិកម្ម​មួយចំនួនទៀត ដែលគ្រោងនឹងយកទៅចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្ត នាពេលអនាគតមានដូចជា ពងទាស្រែន​នោងនៅខេត្តតាកែវ ទុរេនកំពត និងប្រហុកសៀមរាបជាដើម។

លោក រ៉ាឌី បានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ មានផលលំបាកខ្លះ និងត្រូវចំណាយពេលវេលា​យូរ តួយ៉ាងក្រូចធ្លុងកោះទ្រុងនៅខេត្តក្រចេះ បានប្រើរយៈពេលប្រហែល២ឆ្នាំ ដើម្បីសិក្សាលម្អិត ហើយប្រើប្រាស់ថវិកាប្រមាណ​ជាង​កន្លះលានដុល្លារអាមេរិក មុនទទួលបានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ជាមួយម្រេចកំពត និង ស្ករត្នោតកំពង់ស្ពឺ៕