(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក​ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានសហការជាមួយក្រុមហ៊ុនផ្កាឈូក ដើម្បីរៀបចំ «កម្មវិធីឈ្វេងយល់ពីបុណ្យមាឃបូជា» ក្នុងគោលបំណងពិភាក្សាលម្អិតពីអត្ថន័យ និងទស្សនវិជ្ជាដែលរៀនសូត្របាន​មកពីពិធីបុណ្យនេះ។

កម្មវិធីធ្វើនេះមានការនិមន្តចូលរួមពីសម្តេចព្រះសង្ឃនាយកនៃកម្ពុជា សម្តេច នន្ទ ង៉ែត និងមានការនិមន្ត និងអញ្ជើញជាវាគ្មិនដោយអ្នកជំនាញផ្នែកព្រះពុទ្ធសាសនា និងសង្គម ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងចំនួន០៥ ព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋទូទៅប្រមាណ៥០០អង្គ/នាក់។

សូមជម្រាបថា ពិធីបុណ្យមាឃបូជាប្រារព្ធឡើងនៅថ្ងៃទី១៥កើត ខែមាឃ ជារៀងរាលឆ្នាំ ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា​ ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យ សមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា៕