(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំកងកម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកសន្ទុក ចំនួន៣០នាក់ ដើម្បីជួយសាងសង់ ផ្ទះមួយខ្នង ទំហំ៦ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើអំពីឈើ រនៀប ក្រាលក្ដាបន្ទះ ជញ្ជាំងក្រាលក្ដារបន្ទះ ដំបូលប្រក់ស័ង្កសី ប្រគល់ជូនគ្រួសារអតីតយុទ្ធជន រស់នៅក្នុងភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ផ្ទះមួយខ្នងនេះ សាងសង់ជូនលោកស្រី ទុយ ឡៃហួត អាយុ៤៦ឆ្នាំ ត្រូវជាភរិយារបស់ លោក ហ៊ន ហៃ ជាមន្ត្រីកងយោធពលខេមរភូមិន្ទ ហើយលោកបានពលីមរណៈ នៅពេលដែលលោកបានបំពេញបេសកកម្ម សម័យ សង្គ្រាមច្បាំង ជាមួយទាហ៊ានប៉ុលពត ក្នុងភូមិសាស្ត្រ ស្រុកសន្ទុក ក្នុងអំឡុងឆ្នាំ១៩៩៧។ ផ្ទះមួយខ្នងនេះ ជាអំណោយរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ជាមួយក្រុមគ្រួសារលោកស្រី ទុយ ឡៃហួត ដែលលោកបានរំលឹកអំពីវិរៈភាពដ៍អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធអស់រយៈពេលកន្លងមក។ លោកថា អស់លោកបានលះបង់សាច់ស្រស់ឈាមស្រស់ ចូលរួមចំណែក ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ខិតខំ បំពេញភារៈកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទទួលបានស្ថេរភាពល្អ មកដល់បច្ចុប្បន្ននេះ។

លោកស្រី ទុយ ឡៃហួត មានការសប្បាយរីករាយក្នុងចិត្តក្រៃលែង ដោយមានការយកចិត្តដាក់ដ៏ខ្ពស់ខ្ពស់ ពីសំណាក់គ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរដល់ សមាជិក អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន គ្រប់ពេលវេលា និងជួយកសាងផ្ទះចំនួនមួយខ្នង ជូនលោកស្រី។

លោកស្រី សូមថ្លែងអំណរគុណ និងគោរពជូនពរ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងកងកម្លាំង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះជួយសាងសង់ផ្ទះរបស់លោក សូមជួបប្រទះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជ័យជំនះគ្រប់ភារកិច្ច៕