(ភ្នំពេញ)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការសូត្រគម្ពីអាល់​គូអានុការីមលើកទី២៨ និងការប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ​ ឆ្នាំ២០១៩ ដើម្បីត្រៀមជ្រើសរើសបេក្ខភាពទៅសូត្រគម្ពុីថ្នាក់អន្ដរជាតិ ។

ពិធីនេះ បានប្រារព្ឋធ្វើនៅវិហារធំគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំចំេរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ១៣ កើត ខែមាឃ ឆ្នាំចសំរឹទ្ធស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក សុះ កំរុី ប្រធានគណៈកម្មាធិការពិធីសូត្រគម្ពីអាល់គួអានុការីម បានបញ្ជាក់ថា៖ ពិធីសូត្រគម្ពីររបស់សាសនាឥស្លាមនេះ​ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជា​ សហការជាមួយ​ ក្រសួងធម្មការ​ និង​សាសនា​ បានប្រព្រឹត្តទៅដោយរលូន​ ក្រោមប្រធានបទ​ «ឥស្លាម​ និង​វប្បធម៌» រយ:ពេលពីរថ្ងៃ​ គឺថ្ងៃទី១៦ ​-១៧ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្នុងចំណោម​ករី-ករីអះ​ (បេក្ខជន-បេក្ខនារី)​ ចំនួន​៣៨នាក់​ មកពីរាជធានី ខេត្ត ទូទាំង​ប្រទេស អញ្ជើញចូលរួមសូត្រ​ គណ: មេប្រយោគ ក៏បានរកឃើញ​ ករី-ករីអះ​ ជ័យលាភីផ្នែកបុរសចំនួន​ ៣នាក់​ និង​ ជ័យលាភីផ្នែកនារី ចំនួន ៣ នាក់​ គឺផ្នែកបុរស​ លេខ១​ បានទៅលើករី ឈ្មោះ​ កៅ អីសា មកពីខេត្តស្ទឹងត្រែង លេខ២​ ករីឈ្មោះ​ សុប យ៉ាន អាលី មកពីខេត្ដក្រចេះនិង​ លេខ៣​ ឈ្មោះ​ លឹម គ្រីយ៉ា ​ មកពីខេត្ត បាត់ដំបង ។ ចំណែកផ្នែកនារី​ លេខ១​ ករីអះ ឈ្មោះ​ ម៉ាន ម៉ារីយ៉ះ មកពីខេត្ដ ត្បូងឃ្មុំ លេខ២​ ករីអះ ឈ្មោះ​ សាន សាក់ទីយ៉ាស មកពីខេត្ដ កោះកុង ​ និង​ លេខ៣​ ករីអះឈ្មោះ​ .ឯល ទ័រនីយ៉ាល់​ មកពីខេត្ត បាត់ដំបង ។ រីឯក្នុងចំណោមករី-ករីអះ​ ប្រឡងសូត្រចាំមាត់ចំនួន​ ​៣នាក់​ លេខ​១​ ករីឈ្មោះ​ ការីម​ សាន់ រ៉ូសាលី មកពីខេត្ត ក្រចេះ លេខ២​ ករីឈ្មោះ​ ប៊ើ រីយ៉ាស់យើ មកពីខេត្តកំពត និង​លេខ៣ ​ ករីឈ្មោះ​ រឹម ណាស៊ីរីន មកពីខេត្ត បន្ទាយមានជ័យ ។

លោកស្រី ម៉ែន​ សំអន​ បានបញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងធម្មការ​ និង​ សាសនា​ ជាសេនាធិការ​ បានសហការ​ និងគាំទ្រចំពោះការជួបជុំគ្នារបស់បងប្អូនសាសនិកឥស្លាម​ ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗ ​របស់សាសនិកឥស្លាម​កម្ពុជា​ ស្របតាមគោលនយោបាយសុខដុមនីកម្មជាតិ​ និងវប្បធម៌ពហុជនជាតិ​ ដែលមានសកម្មភាពយ៉ាងផុសផុល​ និងសស្រាក់សស្រាំ។​ លោកស្រី​ ក៏បានបង្ហាញនូវការពេញចិត្តចំពោះប្រធានបទឆ្នាំនេះ​ “ឥស្លាម​ និង​វប្បធម៌”​ ប្រធានបទទាំងអស់ពិតជាសមស្របបំផុតសម្រាប់​បរិកាសបច្ចុប្បន្ន និងផ្សារ ភ្ជាប់នឹងគោលនយោបាយដែលត្រូវបានអនុវត្ត យ៉ាងសស្រាក់សស្រាំ និងកំពុងមានចលនាយ៉ាងផុសផុល នៅតាម​មូលដ្ឋានគ្រប់ទិសទី នៃប្រទេសជាតិយើង។ ប្រធានបទទាំងនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ​ និងចូលរួមក្នុងចលនា​​រក្សាគុណតម្លៃជាតិ ការពង្រឹង និងពង្រីក​គុណធម៌ និងសីលធម៌ ក្នុងជួរសាសនិកឥស្លាម ការកសាង​មោទនភាពជាតិ នៅ មូលដ្ឋាន សហគមន៍​របស់បងប្អូន។ ពិតជាសមស្របបំផុតសម្រា​ប់បរិយាការណ៍បច្ចុប្បន្ន​ ដោយហេតុថា​ដែលពិតជាបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាម​ ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង​ និងរស់រវើក​ នៅក្នុងសហគមន៍ ឥស្លាម​ ក្នុងការឆ្លើយតបទៅនឹងបរិបទពិភពលោក​ ជា ពិសេសរដ្ឋាភិបាលកម្ពុជាចំពោះប្រជាជាតិ​ ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសីលធម៌ជាអាទិភាព។

លោកស្រី ម៉ែន​ សំអន​ ក៏បានចូលរួមអបអរសាទរ​ និងកោតសរសើរ​ចំពោះជោគជ័យ​ និង​លទ្ធផលល្អ​ ដែលសហគមន៍ឥស្លាមទទួលបាន​ ក្នុងការចូលរួមសូត្រគម្ពីររបស់ករី-ករីអះ​ តំណាងឲ្យកម្ពុជា លើឆាកអន្តរជាតិកន្លងមក​ ដែលបានបង្ហាញថា​ កម្ពុជា ពិតមែនតែជាប្រទេសតូច​ មានសាសនិកឥស្លាមតិចតួចបំផុត​ តែទទួលបានលទ្ធផលល្អ​ អាចប្រជែងជាមួយប្រទេសធំៗ​ និងមានសាសនិកឥស្លាមជាច្រើន​ ដែលបាចូលរួមសូត្រ៕