(កំពង់ធំ)៖ ក្រសួងបរិស្ថាន រួមជាមួយប្រជាពលរដ្ឋជាង ៣០០នាក់ មកពីសហគមន៍ការពារធម្មជាតិនៃខេត្តទាំង៤ មានខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ដែលគ្រប់ដណ្តប់ដោយព្រៃឡង់ បានប្រារព្ធពិធីបំបួសដើមឈើលើកដំបូង ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបន្តគង់វង្សយូរអង្វែង ខណៈប្រជាពលរដ្ឋនៅតំបន់ដ៏សំខាន់នោះ នៅតែមានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហាជនខិលខូចលួចចូលកាប់ព្រៃឈើ និងបរបាញ់សត្វព្រៃ។

ពិធីបំបួសដើមឈើនេះ ប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចមួយដែលគេហៅថា «វាលតាសិល្ប៍» ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ពិធីខាងលើប្រារព្ធឡើងក្រោមអធិបតីភាពលោក ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង-មន្ទីរបរិស្ថាន ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរមូលដ្ឋាន សិស្ស និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋ តំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ផ្សេងទៀត។

នាឱកាសនោះ គណៈកម្មការព្រៃឡង់ខេត្តព្រះវិហារ លោកស្រី ភោគ ហុង បានឲ្យដឹងថា គោលបំណងដែលរៀបចំឲ្យមានការបំបួសដើមឈើនេះ គឺជាការរក្សាប្រពៃណីរបស់ជនជាតិដើមភាគតិច និងការរំលឹកគុណព្រៃឈើ ដែលបានជួយថែរក្សា និងចិញ្ចឹមដល់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាព្រៃឈើ ការពារធនធានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ឲ្យកាន់តែប្រសើថែមទៀត។

ប្រធានសហគមន៍ក្បាលខ្លានៃតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ លោក វង់ សាន បានបញ្ជាក់ថា ព្រៃឡង់មានសារៈសំខាន់សម្រាប់មនុស្សប្រជាជនខ្លាំងណាស់ ព្រោះវាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកម្ដៅ រួមទាំងផ្ដល់នូវអនុលផលពីព្រៃឈើ ដូចជា ផ្លែឈើ វល្លិ ផ្សិត ជ័រ រួមទាំងដងជ័រ ដែលជួយប្រជាសហគមន៍អាចរកប្រាក់ចំណូលគ្រប់រដូវកាល។

លោក សាន បានសង្កត់ធ្ងន់ថា «ប៉ុន្តែតំបន់នេះក៏កើតមានបញ្ហាប្រឈម ដោយសារមានជនខិលខូចមួយចំនួននៅតែលួចអារដើមឈើ និងបរបាញ់សត្វព្រៃ ខណៈពេលដែលបណ្តាញសហគមន៍ព្រៃឈើ និងសមត្ថកិច្ចមានការខ្វះចន្លោះ បន្ទាប់ពីមានការល្បាត»។

ទោះយ៉ាងណា លោក ខៀវ បូរិន បានកោតសរសើចំពោះប្រជាសហគមន៍ទាំង៤ខេត្ត រួមទាំងមន្រ្តីឧទ្យានុរក្ស ដែលបានយកចិត្តទុកដាក់ការពារ ថែរក្សា ស្រលាញ់ព្រៃឈើ ធ្វើឲ្យព្រៃឈើនៅក្នុងព្រៃឡង់មាននៅទ្រង់ទ្រាយល្អរហូតមកដល់សព្វថ្ងៃ។

លោកបានចាត់ទុកព្រឹត្តិការណ៍នៅថ្ងៃនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ អំពីគុណតម្លៃរបស់ព្រៃឈើចំពោះមនុស្សទាំងអស់គ្នា ហើយពួកគាត់នឹងចេះគ្រប់គ្រងធនធានរបស់ខ្លួន ឱ្យបានល្អប្រសើរថែមទៀត។

លោកបានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសហគមន៍ នៅតាមតំបន់ការពារធម្មជាតិទាំងអស់ចាប់ពីឆ្នាំ២០១៧ រហូតមក តាមរយៈការផ្តល់ពូជសត្វ សម្ភារកសិកម្ម និងសកម្មភាពទ្រទ្រង់ជីវភាពសហគមន៍ផ្សេងទៀត ហើយសហគមន៍នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងទទួលបានការគាំទ្រដូចគ្នានៅក្នុងឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា ពីធីបុណ្យតាមប្រពៃណីបំបួសដើមឈើនាពេលនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) និងបណ្តាញសហគមន៍ព្រៃឡង់ ក្នុងគោលបំណងបង្កើនការយល់ដឹងពីអត្ថប្រយោជន៍ព្រៃឈើដល់ប្រជាពលរដ្ឋ និងដើម្បីជាការចាប់ផ្តើមពង្រឹងក្នុងកិច្ចសហការអភិរក្ស គ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍ប្រជាពលរដ្ឋ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» នៅតែស្រស់ត្រកាលគ្របដោយស្បៃធម្មជាតិ។

ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បង្កើតឡើងដោយអនុក្រឹត្យលេខ ០៧៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីសរុប ៤៣១,៦៨៣ហិកតា ស្ថិតនៅជាប់ភូមិសាស្រ្តខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង។ ដែនអភិរក្សនេះមានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះសម្បូរបែប ដែលជាជម្រាលផ្ទៃរងទឹកភ្លៀងសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប បម្រើដល់វិស័យកសិកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បរិស្ថាន និងវប្បធម៌យ៉ាងសំខាន់៕