(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា កម្លាំងនគរបាលជាតិ និងភ្នាក់ងារសន្ដិសុខឯកជន ទាមទារឲ្យមានកិច្ចសហការគ្នាល្អ ដើម្បីចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងធុរកិច្ចជនដែលមកធ្វើវិនិយោគនៅកម្ពុជា។

អគ្គស្នងការរងរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «កត្ដាសំខាន់ដើម្បីឲ្យដំណើរការធុរកិច្ចមានសុវត្ថិភាពល្អ ត្រូវតែមានកិច្ចការពារគ្រប់រូបភាព គ្រប់មធ្យោបាយ សម្រាប់ឲ្យដំណើរការរបស់គាត់មានភាពកក់ក្ដៅ និងមិនមានការភ័យខ្លាច។ នេះជាចំណុចមួយធំណាស់ដែលយើងគិតថា គាត់ត្រូវការទាំងសមត្ថកិច្ចនគរបាល ត្រូវការទាំងកម្លាំងសន្ដិសុខឯកជន»

កិច្ចប្រជុំដកពិសោធន៍ការងារសន្ដិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន នៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា ទាំងកម្លាំងសមត្ថកិច្ច និងភ្នាក់ងារសន្ដិសុខ​ឯកជន មិនអាចខ្វះគ្នាបាននោះទេ​ ហើយពឹងផ្អែកលើកម្លាំងសមត្ថកិច្ចតែមួយមុខមិនគ្រប់គ្រាន់ឡើយ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ក៏បានសម្ដែងនូវការកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសន្ដិសុខឯកជន ដែលបានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចបានយ៉ាងល្អប្រសើរ និងត្រូវរាយការណ៍ជូនសមត្ថកិច្ច នៅពេលមានហេតុការណ៍អ្វីកើតឡើង នៅក្នុងភូមិសាស្ដ្ររបស់ខ្លួន​ ដើម្បីមានវិធានការណ៍អន្ដរាគមន៍ភ្លាមៗ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ ក្នុងពិធីនេះ ក៏បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ន​​ភ្នាក់ងារ​សន្តិសុខឯកជន សរុបចំ​នួន២៧,១៩០នាក់​ ក្នុងនោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ២៤៤ក្រុមហ៊ុន មានភ្នាក់ងារសន្ដិសុខ ចំនួន១៣,៤៨៥នាក់ និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារ សន្ដិសុខឯកជន ១,៧៨៦ទីតាំង មានភ្នាក់ងារសន្ដិសុខឯកជនចំនយន១៣,៧០៥នាក់។

ប្រធាននាយកដ្ឋានរូបនេះ បានអះអាងទៀតថា កាលពីឆ្នាំ២០១៨កន្លង​ទៅនេះ នាយកដ្ឋានបានប្រមូលកម្រៃសេវាសាធារណៈពីក្រុមហ៊ុនផ្តល់សេវា និងសហគ្រាស់គ្រឹះស្ថានបង់ជូនរដ្ឋ បានចំនួនជាង១០ម៉ឺនដុល្លារអាមេរិកផងដែរ។ យ៉ាងណាក ​ដោយកាលពីឆ្នាំ២០១៨ ក៏មានក្រុមហ៊ុនសន្តិសុខឯកជន មិនដំណើរការ និងក្ស័យធនចំនួន៥៩ក្រុមហ៊ុនផងដែរ៕