(ភ្នំពេញ)៖ មិនត្រឹមតែជាមណ្ឌលប្រមូលផ្តុំសម្រស់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ សហគមន៍អេកូទេសចរណ៍ជីផាត ក៏បន្សល់នូវភាពអច្ឆរិយៈមួយដ៏អស្ចារ្យផងដែរ នោះគឺថ្មធម្មជាតិមួយដំដ៏ធំនៅចំកណ្ដាលព្រែកដៃសមុទ្រ នៅអណ្ដែតលើទឹកមិនដែលលិចទាល់តែសោះ ទោះរដូវវស្សា ឬរដូវប្រាំងក៏ដោយ។

បើតាមការរៀបរាប់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានផ្ដល់កិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ នៅទីស្ដីការក្រសួងទេសចរណ៍ នាសប្ដាហ៍នេះ បានឱ្យដឹងថា «បើយើងជិះកាណូតតាមដងព្រែក យើងនឹងទៅជួបជាមួយដុំថ្មមួយដំដ៏ធំ ដែលទឹកឡើងមកមិនចេះលិច, យើងមិនដឹងយ៉ាងម៉េច»។ នេះបើតាមការឃើញផ្ទាល់របស់លោករដ្ឋមន្ត្រី ក្នុងពេលទៅទស្សនកិច្ចនៅសហគមន៍អេកូទេសចរណ៍ជីផាត។

លោក ថោង ខុន បានបន្តថា នៅលើថ្មអច្ឆរិយៈនេះទៀតសោត ប្រជាពលរដ្ឋក៏បានកសាងចេតិយមួយពីលើផងដែរ ហើយកន្លែងអច្ឆរិយៈនេះត្រូវបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានទៅឃើញនោះ មានការងឿងឆ្ងល់គ្រប់គ្នា។

លោកបានលាន់មាត់ថា នៅសហគមន៍អេកូទេសចរណ៍ជីផាតនេះ មិនត្រឹមតែមានទេសភាពធម្មជាតិស្អាតប៉ុណ្ណោះទេ ថែមទាំងមានកន្លែងអច្ឆរិយៈទៀត។

ព័ត៌មានដែលពាក់ព័ន្ធនឹងថ្មអច្ឆរិយៈនេះ ប្រហែលមិនមែនមានតែប៉ុណ្ណេះទេ ប៉ុន្តែទោះជាយ៉ាងណា ក្រុមការងារ «Mercedes-Benz និង កំណប់អាថ៌កំបាំង» នឹងស្វែងរកព័ត៌មានបន្ថែមក្នុងដំណើរបេសកកម្មលើកទី៤របស់ខ្លួន ដែលនឹងឆ្ពោះទៅកាន់សហគមន៍អេកូទេសចរណ៍ជីផាត នាថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឆាប់ៗខាងមុខ៕