(កោះកុង)៖ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានសហភាពសហព័ន្ធកម្ពុជាក្រុង សហការជាមួយមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះចែកទឹកប្រជាពលរដ្ឋ ចំនួន២ភូមិ ស្ថិតនៅភូមិស្មាច់មានជ័យ ភូមិស្មាច់មានជ័យ ស្មាច់មានជ័យ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលរងផលប៉ះពាល់អត់ទឹក ប្រើប្រាស់ជិត១ខែមកហើយ។

លោក ឈេង សុវណ្ណដា បានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរធនធានទឹក មន្ទីរសិប្បកម្ម និងអាជ្ញាធរ បានចុះចែកទឹកជូន ប្រជាពលរដ្ឋ ចំនួន២ភូមិ ស្ថិតក្នុងនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលកំពុងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។

លោកបានបញ្ជាក់ទៀតថា ការខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ រស់នៅទីតាំងខាងលើនេះ មានរយៈពេលជាច្រើនថ្ងៃមកហើយ ដែលធ្វើឲ្យពួកគាត់ ជួបផលលំបាកយ៉ាងខ្លាំង ត្រូវសន្សំសំចៃទឹក ដែលបានស្តុបទុក នៅក្នុងពាង ឬអាង។

លោកបានឲ្យដឹងទៀតថា ទាក់ទិននឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នេះ អាជ្ញាធរយើងកំពុងរិះរកគ្រប់មធ្យាបាយគ្រប់កាលៈទេសៈ ដើម្បីធ្វើការសម្រួលដោះស្រាយជូនពលរដ្ឋយើង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣សង្កាត់ រួមមាន៖ សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងប្រឈមការអត់ទឹកប្រើប្រាស់ កាន់តែធ្ងន់ធ្ងរហើយរាល់ថ្ងៃ៕