(បាត់ដំបង)៖ ប្រជាពលរដ្ឋឃុំភ្នំសំពៅសប្បាយរីករាយ បន្ទាប់ពីបានទទួលផ្លូវក្រាលកៅស៊ូ១ខ្សែ ផ្លូវចូលរមណីដ្ឋានភ្នំសំពៅ នៅចំណុចជើងភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាអំណោយរបស់លោកមហាឧបាសក តាំង ម៉េងហ៊ុន និងឧកញ៉ា ឌី ប្រឹម ជាអ្នកកសាងសមិទ្ធិផលនានាលើភ្នំសំពៅ។

ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ហែម ថេង អនុប្រធានក្រុមការងារថ្នាក់ជាតិស្រុកបាណន់ ប្រធានក្រុមការងារ ចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ និងមានការចូលរួមពីអភិបាលស្រុកបាណន់ លោកមេឃុំនិងក្រុមប្រឹក្សាឃុំទាំងអស់ មេភូមិទាំង១០ ប្រជាពលរដ្ឋមកពីភូមិនានា ក្នុងឃុំ៥០០នាក់សរុប អ្នកចូលទាំងអស់ ជាង៥០០នាក់ផងដែរ។

លោក ហែម ថេង បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ១ខ្សែ មានប្រវែង៥៥០ម៉ែត្រ (អ៊ុតបេទីម) រួមទាំងប្រព័ន្ឋលូបង្ហូរទឹកផង ជាផ្លូវចូលរមណីដ្ឋានភ្នំសំពៅ ដើម្បីទុកជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅ ពិសេសបម្រើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកចូលលេងកំសាន្ត នៅរមណីដ្ឋាននេះបានងាយស្រួល។

លោកប្រធានក្រុមការងារ បានបញ្ជាក់ថា សមិទ្ធិផលជាច្រើនដែលបានកសាងរួចហើយកន្លងមក ដូចជា ទីសក្ការបូជាលើភ្នំសំពៅ ដោយមានរូបព្រះបដិមាអង្គ ព្រះពុទ្ធជាច្រើនអង្គនៅជញ្ជាំង នៅលើភ្នំសំពៅ និងសមិទ្ធិផលផ្សេងទៀត បាននឹងកំពុងកសាងជាបន្តបន្ទាប់បន្តទៀតនោះ បានការចូលចូលរួមពីសប្បុរសជន លោកមហាឧបាសកមានឈ្មោះ តាំង ម៉េងហ៊ុន លោកស្រីឧកញ៉ា ឌី ប្រឹម និងលោក សំ តាំហន។ ហើយសប្បុរសជននិងក្រុមការងារ បានត្រៀមកសាងផ្លូវបេតុងខ្សែទៀត ឆ្លងកាត់៣ភូមិក្នុងឃុំភ្នំសំពៅនៅពេលក្រោយ។

លោក ហែម ថេង បានបន្តថា នៅក្នុងពិធីបើកការដ្ឋាននេះដែរ ក្រុមការងារបានចែកអំណោយដល់អ្នកចូលរួមមាន៖ ប្រជាពលរដ្ឋ៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ថវិកា៥ពាន់រៀល, ជូនថវិកាសាលាស្រុកបាណន់ចំនួន១លានរៀល, ឧបត្ថម្ភជូនសាលាឃុំភ្នំសំពៅចំនួន៥០ម៉ឺនរៀល, ឧបត្ថម្ភជូនមេភូមិទាំង១០ក្នុងឃុំភ្នំសំពៅ ក្នុងមួយភូមិៗទទួលបានចំនួន១៥ម៉ឺនរៀល សរុបចំនួន១លាន៥សែនរៀល, ឧបត្ថម្ភកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន២០ម៉ឺនរៀល, ឧបត្ថម្ភកម្លាំងប្រជាការពារឃុំចំនួន២០ម៉ឺនរៀល និង បានផ្ដល់លូសម្រាប់ដាក់តាមផ្លូវ ក្នុងភូមិភ្នំសំពៅកើតតាមសំណូមពរប្រជាពលរដ្ឋ៦កង់ ស្មើទឹកប្រាក់៤៨ម៉ឺនរៀលបន្ថែមទៀត។

ប្រជាពលរដ្ឋមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយសារទទួលបានផ្លូថ្មី១ខ្សែនេះ។ ពួកគាត់បានថ្លែងអំណរគុណដល់សប្បុរសជន និងក្រុមការងារទាំងអស់ ដែលតែងតែបានជួយកសាងសមិទ្ធិផលជាច្រើន ទុកឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រនេះ៕